លោក នាង ផាត ជួបឯកអគ្គរដ្ឋទូត សាធារណរដ្ឋឆែក ដើម្បីពង្រីកទំនាក់ទំនងសហប្រតិបត្តិការកាន់តែប្រសើរ
ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ាកទីន វ៉ាវ្រ៉ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងជំនួសមុខឲ្យរដ្ឋាភិបាល និងកងទ័ព ពិសេសក្រសួងការពារជាតិ នៃសាធារណរដ្ឋឆែក សូមសំដែងនូវអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាតិឲ្យលោកបានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ឆែក និងកម្ពុជា ឲ្យកាន់តែមានភាពជិតស្និទ្ធ។
ក្នុងនោះ លោកបានលើកឡើងថា៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឆែក គឺបានរក្សាតាំងពីយូរណាស់មកហើយ គឺតាំងពីសម័យប្រទេសឆេកូស្លូវ៉ាគី មកម៉្លេះ។ ហើយទោះបីបច្ចុប្បន្នសាធារណរដ្ឋឆែក បានបែកចេញពីគ្នាក៏ដោយ ក៏ទំនាក់ទំនងរបស់យើងនូវតែរក្សាបានល្អជានិច្ច។ លោក ម៉ាកទីន វ៉ាវ្រ៉ា បានបញ្ជាក់ថា កន្លងមកសាធារណរដ្ឋឆែក បានធ្វើការផ្តល់ជាជំនួយមនុស្សធម៌មួយចំនួនមកជូនប្រទេសកម្ពុជា។ ដោយឡែកចំពោះទំនាក់ទំនងទ្វេភាគី រវាងកងទ័ព នៃប្រទេសយើងទាំងពីរ គឺកន្លងមកបានគឺនៅរក្សាបានភាពជិតស្និតនឹងគ្នាទៅវិញទៅមកកាន់តែរឹងមាំ ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា។
លោកឯកអគ្គរដ្ឋទូត ឲ្យបានដឹងទៀតថា៖ នៅឆ្នាំក្រោយ ប្រទេសរបស់លោកនឹងឡើងធ្វើជាប្រធានអង្គប្រជុំរបស់បណ្តាប្រទេសសហភាពអឺរ៉ុប ហើយលោក សង្ឃឹមថា នាពេលខាងមុខក្រសួងការពារជាតិទាំង២ កម្ពុជា និងឆែក និងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អ ដើម្បីរឹតចំណងសាមគ្គីភាម មិត្តភាព ទៅវិញទៅមក។
មានប្រសាសន៍តបក្នុងឱកាសនោះ លោក នាង ផាត ក្នុងនាមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងការអបអរសារទរចំពោះលោក ម៉ាកទីន វ៉ាវ្រ៉ា ដែលបានមកបំពេញភារកិច្ច ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា រវាងកងទ័ពយើងទាំង២ កម្ពុជា និង ឆែក ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា តាំងពីយូណាស់មកហើយ។
ក្នុងរយៈពេលកន្លងមកប៉ុន្មានថ្ងៃនេះ ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកជាច្រើនទៀត ហើយកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗជាច្រើន ដែលកំពុងត្រៀមនឹងអនុវត្តន៍នាពេលខាងមុខ។ លោកសង្ឃឹមថា៖ នាពេលខាងមុខក្រសួងការពារជាតិ ទាំង២ កម្ពុជានិងឆែក នឹងមានអនុស្សារណៈ កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អថែមទៀត៕