ខ្មែរប៉ុស្ដិ៍ Close

លោកស្រី Kamala Harris មិនអាចសង្រ្គោះមុខមាត់អាមេរិកនៅអាស៊ីអាគ្នេយ៍បានទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 42
លោកស្រី Kamala Harris  មិនអាចសង្រ្គោះមុខមាត់អាមេរិកនៅអាស៊ីអាគ្នេយ៍បានទេ លោកស្រី Kamala Harris មិនអាចសង្រ្គោះមុខមាត់អាមេរិកនៅអាស៊ីអាគ្នេយ៍បានទេ

ដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris មកកាន់តំបន់អាស៊ីអាគ្នេយ៍មានបំណងបង្ហាញថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយូរអង្វែង ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយជារួម និងចំពោះតំបន់អាស៊ីអាគ្នេយ៍ និយាយដោយឡែក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ប៉ុន្តែអាមេរិកនឹងមិនទទួលបាននូវលទ្ធផលជាដុំកំភួនអ្វីឡើយ។

ទំនាក់ទំនងរវាងប្រទេសចិនជាមួយនិងតំបន់អាស៊ីអាគ្នេយ៍នាពេលនេះ គឺខ្ពស់ជាងពេលណាៗទាំងអស់ ខណៈពេលដែល មុខមាត់របស់អាមេរិកចំពោះតំបន់នេះបានដាំក្បាលចុះយ៉ាងខ្លាំង។

លោកស្រី​ Harris កំពុងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់មួយដែលនៅមិនទាន់រលុបស្លាកស្នាមឈឺចាប់ ដែលកើតឡើងដោយសារនយោបាយការទូតរបស់សហរដ្ឋអាមេរិក ដែលបន្សល់ទុកតាំងពីសម័យកាលរបស់លោក Trump ។

ថ្មីៗនេះ ការសម្រេចចិត្តរបស់រដ្ឋមន្រ្តីការបរទេស Antony Blinken ក្នុងការទៅបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុន, ឥណ្ឌា និងកូរ៉េខាងត្បូង ដោយរំលងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញថា ជាការព្រងើយកន្តើយមួយរបស់អាមេរិក។

បន្ទាប់មកទៀតគឺបញ្ហាអវត្តមានរបស់ លោក Blinken នៅ ក្នុងកិច្ចប្រជុំពីចម្ងាយមួយដែលលោកបានឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ទាំងអស់រង់ចាំ មុននឹងសម្រេចលុបចោលដោយលើកឡើងអំពីបញ្ហាបច្ចេកទេស។

រឿងដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺជាព្រឹត្តិការណ៍ ដែលបានកើតឡើង ហើយនៅមិនទាន់បិទបញ្ចប់នៅឡើយនៅ ប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសសិង្ហបុរីនិងវៀតណាមមើលមកសហរដ្ឋអាមេរិកក្នុងន័យសម្រាប់ធានាសន្តិសុខដល់ពួកគេប៉ុណ្ណោះ ហើយពួកគេក៏កំពុងតែតាមដានឃ្លាំមើលការដកទ័ពរបស់អាមេរិកនៅក្នុងប្រតិបត្តិការយោធាដ៏យូរបំផុតក្នុង
ប្រវត្តិសាស្ត្ររបស់ប្រទេសនេះផងដែរ។

ការសម្រេចចិត្តដកកងទ័ពទាំងអស់អាមេរិកដោយបន្សល់ទុកនូវមហន្តរាយមនុស្សធម៌ដ៏ធំធេងមួយ ព្រមទាំងហានិភ័យនៃសង្គ្រាមស៊ីវិលកំពុងបង្កើតឱ្យមានការសង្ស័យនៅជុំវិញពិភពលោក ទៅលើការប្តេជ្ញាចិត្តរបស់មហាអំណាចមួយនេះក្នុងការការពារដៃគូរបស់ខ្លួន។

ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសសិង្ហបុរីគឺជាការនាំលោកស្រីទៅកាន់ប្រទេសមួយដែលអាមេរិកធ្លាប់បាន បោះបង់ចោលកាលពីទសវត្សឆ្នាំ ១៩៧០ បន្ទាប់ពីបានធ្វើអន្តរាគមន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសង្គ្រាម ស៊ីវិលមួយដែលបាន ហែកហួរសង្គមវៀតណាម និងបានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើនរាប់មិនអស់។

មិនថាលោកស្រី Harris នឹងថ្លែងអំពីអ្វីនោះទេនៅទីនោះ ពាក្យសម្ដីរបស់លោកស្រីនឹងត្រូវលងពីក្រោយដោយភាពស្របគ្នារវាងការជម្លៀសមនុស្សចេញដ៏ច្របូកច្របល់ពីអតីត ទីក្រុងសៃហ្កនកាលពីឆ្នាំ ១៩៧៥ ជាមួយនិងឈុតឆាកភ័យស្លន់ស្លោរបស់ជនជាតិអាហ្វហ្កានីស្ថានដែលជាអ្នកបានសហការជាមួយសហរដ្ឋអាមេរិកនិងដែលត្រូវបានបោះបង់ចោលនៅទីក្រុងកាប៊ុល ហើយវាគឺជាអ្វីដែល លោក Joe Biden ហៅថា «ជាការជៀសមិនរួច»។

ជាការពិតការនិយាយងាយជាងការធ្វើ។ ដូចនេះប្រសិនបើអ្នកដាក់ការជឿទុកចិត្តច្រើនពេកលើសហរដ្ឋអាមេរិក នោះការបោះបង់ចោល ហាក់ដូចជាជម្រើសដែលជៀសមិនរួចដូច្នោះដែរ។

ប៉ុន្តែគោលនយោបាយដែលអតីតប្រធានាធិបតី Barak Obama ហៅថា ជាដំណើរឆ្ពោះទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក, គោលនយោបាយ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ» របស់អតីតប្រធានាធិបតី Donald Trump បានបង្កើតឱ្យមានលទ្ធផលជាក់ស្តែងមួយចំនួន។

ការស្នើឡើងនូវភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership)របស់លោក Obama ត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោលនៅនាទីចុងក្រោយទាំងពីសំណាក់ក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ និងមកពីគណបក្សសាធារណរដ្ឋ ដែលធ្វើឱ្យប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី, សិង្ហបុរី និងវៀតណាមជាដើម ស្រងាកចិត្តជាខ្លាំង។

អ្វីដែលជាការបន្សល់ទុកពីគោល នយោបាយរបស់លោកអូបាម៉ាចំពោះតំបន់នេះ គឺជាការធ្វើ ដំណើរដោយអន្លើៗ នៅក្នុងសមុទ្រចិនខាងត្បូងដោយនាវាចម្បាំងអាមេរិក។

សំណួរសួថា៖ តើសហរដ្ឋអាមេរិកពិតជានឹងចូលរួមធ្វើសង្គ្រាមនៅសមុទ្រ ចិនខាងត្បូង ឬនៅច្រកសមុទ្រតៃវ៉ាន់ឬទេ?

ព្រឹត្តិការណ៍ដែលកើតឡើងនៅអាហ្វហ្គានីស្ថាន, ស៊ីរី និងនៅអ៊ីរ៉ាក់បានបង្កឱ្យមានការសង្ស័យអំពីឆន្ទៈនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការប្តេជ្ញាចិត្តខាងផ្នែកយោធាដ៏យូរ អង្វែងរបស់ខ្លួននៅឯ នាយសមុទ្រ។

ហើយសម្រាប់សំណួរងាយៗវិញ ៖ តើសហរដ្ឋអាមេរិកមានសមត្ថភាពយោធាគ្រប់គ្រាន់ដែរឬទេក្នុងការធ្វើសង្គ្រាមដោយជោគជ័យនៅ ពាក់កណ្តាល ពិភពលោក?

មន្រ្តីយោធាកំពូលៗរបស់អាមេរិកភ័យខ្លាចថា ពួកគេនឹងចាញ់នៅក្នុងសង្គ្រាមមួយនេះ។ នៅក្នុងអំឡុងការពិភាក្សាមួយស្ដីអំពី ល្បែងសង្រ្គាមសិប្បនិម្មិតដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ លោកអគ្គសេនាធិការរងកងទ័ពជាតិ John Hyten បានប្រាប់ទស្សនិកជនកាលពីខែមុនថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការការពារកោះនេះបានបរាជ័យទៅយ៉ាងជូរចត់បំផុត។

ដោយឡែក មន្រ្តីយោធាកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ឧត្តមនាវីឯក Philip Davidson បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធនៃព្រឹទ្ធសភាអាមេរិក (U.S. Senate Armed Services Committee) កាល ពីដើមឆ្នាំនេះថា «ប្រទេសចិនអាចនឹងផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគី» នៅកោះតៃវ៉ាន់បាន «មុនពេលដែលកម្លាំងរបស់យើងអាចធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបាន» ទៅទៀត ។

លោកស្រីអនុប្រធានាធិបតី Harris កំពុងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំនៅអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈនិងនៅតែមានសមត្ថភាពក្នុងការផ្តល់នូវការធានាសន្តិសុខនៅសមុទ្រចិនខាងត្បូង បូករួមទាំងនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

ប៉ុន្តែដោយសារ តែសហរដ្ឋអាមេរិកផ្តោតលើថាមពលការទូតរបស់ខ្លួននៅតំបន់អាស៊ីតែទៅលើក្រុម Quad ដែលមានឥណ្ឌា, ជប៉ុន និងអូស្រ្តាលី បូករួមជា មួយនិងគោលដៅក្នុងការបន្ថយល្បឿននៃការកើនឡើងរបស់ចិន បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍អាចចាប់ផ្តើមចោទជាសំណួរថា តើនៅទីបំផុតទៅ ផលប្រយោជន៍រួមដែលតំបន់នេះមានជាមួយ សហរដ្ឋអាមេរិកមានអ្វីខ្លះ?

បច្ចុប្បន្ន តំបន់អាស៊ីអាគ្នេយ៍ គឺជាដៃគូពាណិជ្ជកម្មដ៍ធំបំផុតរបស់ចិន ដោយនាំមុខ សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ជប៉ុននិងកូរ៉េខាងត្បូងទៅទៀត។

នៅពេលដែល ប្រទេសចិនរុងរឿង នោះតំបន់នេះទាំងមូលក៍នឹងរុងរឿងដែរ។ រឿងចុងក្រោយដែល ពួកគេចង់បាននោះ គឺជាការជ្រើសរើសរវាងអាមេរិកនិងចិន ឬក៏ធ្វើជាកូនអុករបស់អាមេរិកក្នុងការប្រឆាំងទៅនឹងចិន។

ដំណើរទស្សនកិច្ចរបស់លោកស្រី Harris មកកាន់តំបន់អាស៊ីអាគ្នេយ៍ មិនអាចផ្លាស់ប្តូរការពិតជាប្រវត្តិសាស្ត្រ និងការពិតនាពេលបច្ចុប្បន្នបាននោះទេ។

បើទោះជាការសន្យារបស់លោកស្រីស្ដាប់មើលទៅដូចជា ប្រត្យក្សណាស់ក៏ដោយ ក៏វានឹងពោពេញទៅដោយបរាជ័យនិងអំពើក្បត់ជាបន្តបន្ទាប់។ ដូចនេះ លោកស្រីនឹងមិនអាចសង្គ្រោះមុខមាត់របស់អាមេរិកបាននោះទេ៕ CGTN

អត្ថបទទាក់ទង