ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្មានជំនួបជាមួយក្រុមប្រឆាំងទេ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយខុសពីការពិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្មានជំនួបជាមួយក្រុមប្រឆាំងទេ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយខុសពីការពិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្មានជំនួបជាមួយក្រុមប្រឆាំងទេ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយខុសពីការពិត

«សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ខ្ញុំមកប្រទេសបារាំង គឺដោយសារមានធុរផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងនោះឡើយ»។

នេះបើតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ របស់លោក។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន VOD បានផ្សព្វផ្សាយថា ក្រុមលោក សម រង្ស៉ី មានបំណងជួបជាមួយ សម្តេចក្រឡាហោម ស ខេង អំឡុងពេលសម្តេចមានវត្តមាននៅប្រទេសបារាំង ដើម្បីរកដំណោះស្រាយនយោបាយសម្រាប់ពួកគេ ហើយថាពួកគេស្វាគមន៍បើសិនជាសម្តេចក្រឡាហោម បើកភ្លើងខៀវឱ្យមានជំនួបក្រៅផ្លូវការណាមួយ។

ជុំវិញករណីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសបារាំងរបស់សម្តេចក្រឡាហោម ស ខេង គឺដោយសារមានធុរផ្ទាល់ខ្លួនសុទ្ធសាធ ហើយគ្មានកម្មវិធីផ្សេងនោះឡើយ។ លោកស្នើកុំឱ្យសាធារណជនមានការភាន់ច្រឡំចំពោះការផ្សព្វផ្សាយមិនពិតទាំងនោះ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។

ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ Fresh News

អត្ថបទទាក់ទង