មុខងារថ្មីៗពី Facebook ដែលនឹងទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំង
នាសន្និសីទជួបជុំក្រុមអ្នកអភិវឌ្ឍកម្មវិធី F8 កាលពីសប្តាហ៍មុន ក្រុមហ៊ុន Facebook បានប្រកាសផែនការផ្លាស់ប្តូរនិងបន្ថែមមុខងារថ្មីមួយចំនួន ទៅលើសេវាកម្មដូចជា Facebook, Messenger, Instagram និង WhatsApp។ ក្នុងនោះក៏បានផ្តោតលើមុខងារសំខាន់ទាំង ៨ ដែលខ្លះក៏ផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរ។
១.Clear History:
ជាសារឆ្លើយតបទៅនឹងរឿងអាស្រូវជាមួយក្រុមហ៊ុន Cambridge Analytica ក្រុមហ៊ុនលោក Mark Zuckerberg បានបន្ថែមនូវមុខងារពង្រឹងប្រព័ន្ធសុវត្ថិភាពឲ្យឈ្មោះ Clear History ដែលអនុញ្ញាតឲ្យអ្នកប្រើលុបចោលទិន្នន័យដែលស្ថាប័នណាមួយបានប្រមូលចោលទាំងអស់ក្នុងពេលតែមួយ។
២.Facebook Dating:
ណាត់ជួបគ្នាតាម Online ជាអ្វីដែលអ្នកនៅលីវប្រាថ្នាចង់បាន ឥឡូវមានហើយ Facebook សូមបំពេញបំណងរបស់អ្នក។ ដោយមុខងារឲ្យឈ្មោះ Dating អាចអនុញ្ញាតឲ្យអ្នកស្វែងរកគូគាប់តាមរយៈបណ្តាញសង្គមយក្សមួយនេះ ដោយផ្អែកតាមចំណង់ចំណូលចិត្ត, មិត្តភាពស្គាល់បន្តគ្នា (Mutual Friends) និងការចាប់អារម្មណ៍លើមាតិកាតែមួយ។
៣.Watch Party:
លោក Mark ក៏បន្ថែមនូវមុខងារទស្សនាវីដេអូកាន់តែប្លែកមួយផ្សេងទៀត ពោលគឺការទស្សនាជាក្រុម ដោយដំឡើងក្នុង Chat Room មួយ ហើយអាចធ្វើការ Invite សមាជិកក្រុមមកទស្សនារួមគ្នា។
៤.Group Calling:
ធ្លាប់តែមានលើ Facebook នៅលើបណ្តាញសង្គមផ្សេងទៀត Instagram និង WhatsApp ក៏ទើបតែបន្ថែមមុខងារ Video Chatting និង Group Call ដូចដែលមានលើ Messenger។
៥.ការវិវត្តបច្ចេកវិទ្យា AR:
ជៀសវាងហួសសម័យកាល AR ក្រុមហ៊ុនអាមេរិកនេះក៏ឆ្លៀតចេញមុខអភិវឌ្ឍបច្ចេកវិទ្យាពេញនិយមមួយនេះ ដោយបន្ថែមការថតរូបបែប AR ជាមួយមុខងារ AR Studio អាចប្រើបានទាំងលើ Messenger និង Instagram។
៦.Crisis Response:
ស្រដៀងគ្នានឹងមុខងារ Safety Check ដោយការបន្ថែមមុខងារថ្មី ងាយស្រួលសម្រាប់មនុស្សដំបូងក្នុងការចែករំលែកពីរឿងហេតុទាក់ទងនឹងគ្រោះមហន្តរាយ ឬករណីបន្ទាន់ណាមួយ។ ទិន្នន័យដែលរាយការណ៍ អាចជារូបភាព ឬវីដេអូ ដើម្បីឲ្យអ្នកប្រើប្រាស់ឯទៀតងាយស្រួលកំណត់ពីទីតាំងកើតហេតុ។
៧.មុខងារបកប្រែភាសា:
ពីមុនធ្លាប់តែខ្ចី Microsoft Bing ឲ្យមកជួយបកប្រែភាសាណាមួយលើបណ្តាញសង្គមរបស់ខ្លួន ប៉ុន្តែមុខងារថ្មីបង្កើតដោយផ្ទាល់ខ្លួនឲ្យឈ្មោះ M Translation នឹងអាចបកប្រែសារតាមរយៈកម្មវិធី Chat បានដូចគ្នា ពោលនៅដំណាក់កាលដំបូងគាំទ្រភាសាអេស្ប៉ាញនិងអង់គ្លេស។
៨.Dark Mode លើ Messenger:
កំណើនអ្នកប្រើកាន់តែកើនឡើង ទំហំមតិមិនពេញចិត្តលើផ្ទៃ Interface នៃ Messenger ក៏បន្តកើតមាន។ ដើម្បីបញ្ចៀសបញ្ហានេះ ក្រុមហ៊ុន Facebook ក៏សម្រេចបន្ថែមនូវមុខងារ Dark Mode កែទៅជាផ្ទៃពណ៌ខ្មៅ ងាយស្រួលទាំងប្រើប្រាស់ពេលរាត្រី ក៏ដូចជួយការពារភ្នែកបានមួយកម្រិតផងដែរ។