ស្ពានអូរបាដើម នៅចំណុចទីតាំងប្រវត្តិសាស្ត្រខ្មែរត្រូវបានរាជរដ្ឋាភិបាលស្ថាបនាជាស្ពានបេតុង
ស្ទឹងត្រែង៖ ស្ពានអូរបាដើម នៅចំណុចទីតាំងប្រវត្តិសាស្ត្រខ្មែរត្រូវបានរាជរដ្ឋាភិបាលស្ថាបនាជាស្ពានបេតុងដើម្បីបម្រើការធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។
ក្នុងសកម្មភាពចុះពិនិត្យដំណើរការសាងសង់ស្ពានបេតុង ឆ្លងកាត់អូរបាដើម នៅស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី ២៨ កក្កដាឆ្នាំ ២០២១ កន្លងមកនេះ លោក សុវណ្ណពិសិដ្ឋអភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះមានប្រវែង ៦០ ម៉ែត្រទទឹង ៨ ម៉ែត្រជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងស្រុកសេសាន សម្រាប់ឆ្នាំ២០២១ នេះ ហើយការសាងសង់អាចនឹងបញ្ចប់នៅដើមឆ្នាំ២០២២តែម្តង។
លោកអភិបាលស្រុកបន្តថា ផ្លូវជាង ២០ គីឡូម៉ែត្រនៅតាមបណ្តោយទន្លេសេសានទៅកាន់ទីរួមស្រុកមានស្ពានចំនួន ៨ បច្ចុប្បន្នសាងសង់ជាស្ពានបេតុងបានចំនួន៤ ហើយ ក្នុងនោះមានស្ពានអូរកំភុន-ស្ពានអូរគូ-ស្ពានអូរខ្សាច់ភូមិ និងស្ពានអូបាដើមកំពុងសាងសង់នេះ ហើយនៅសល់ចំនួន ៤ទៀត រាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបន្ទាប់ឲ្យសាងសង់ជាស្ពានបេតុងដូចគ្នា ជាចំណងដៃជូនប្រជាពលរដ្ឋយើង។
លោកឃីត ប៊ុនឡត ប្រជាពលរដ្ឋនៅភូមិបាដើមបានសម្ដែងការសាទរចំពោះការទទួលបានសមិទ្ធផលថ្មីនេះ ព្រោះនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយភាពលំបាកជូនប្រជាពលរដ្ឋនៅតំបន់នេះឱ្យមានភាព ងាយស្រួលក្នុងការទាក់ទងគ្នាទៅវិញទៅមក។
លោកបន្តថា៖ប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសានតែងតែជួបភាពលំបាកអស់រយៈកាលជាច្រើនឆ្នាំមកហើយ ដោយសារនៅពេលទៅទីរួមខេត្តម្តងៗបងប្អូនតែងប្រើទូកតូចៗជាមធ្យោបាយទៅមក ធ្វើចរចរណ៏តាមទឹកទន្លេសេសាន្ត ចំណែកបច្ចុប្បន្ននេះមានផ្លូវ មានស្ពានស្រួលធ្វើដំណើរហើយ។
លោកស្រីខាំ អន មេឃុំសាមឃួយ បានទទួលស្គាល់ថា ការអភិវឌ្ឍផ្លូវស្ពាននេះ ធ្វើឱ្យប្រជាពលរដ្ឋនៅស្រុកសេសាន កាន់តែមានការប្រែមុខមាត់ថ្មី តាមរយៈសមិទ្ធផលល្អៗ ដូចជាផ្លូវកៅស៊ូ-ស្ពានបេតុង ដែលបានជួយលើកសោភ័ណភាព នៅមូលដ្ឋានផង ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត និងបានបម្រើសេចក្តីត្រូវការរបស់បងប្អូន ក្នុងជីវភាពរស់នៅ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ថា នេះជាស្ពានបេតុងទី៤ហើយដែល បានសាងសង់ឡើងនៅតាមបណ្ដោយផ្លូវជាង២០គីឡូម៉ែត្រ តាមជួរមាត់ទន្លេសេសាន្ត និង នៅសល់ចំនួន ៤ ទៀតជាស្ពានចាស់ ហើយរាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋយើងនៅតំបន់នេះ ៕
ប្រភព៖ information.gov