ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារផ្សេងទៀតដល់លោក យាយ ចាន់ ឃីម ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ រៀងទី៧លាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28

បន្ទាប់ពីគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសការគិតគូ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់វ៉ាក់សាំងមកខេត្តសៀមរាប ដើម្បីធ្វើការវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តសៀមរាបនេះ លោកយាយ ចាន់ ឃីម ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង មានលំនៅដ្ឋានស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន ហើយការទទួលបានលេខរៀងទី៧លាននេះលោកនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាចំនួន១០លានរៀលនិងសម្ភារផ្សេងទៀតជូនលោកយាយផងដែរតាមរយៈលោកស្រី ឱ វណ្ណឌីន។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាបសូមអបអរសាទរចំពោះលោកយាយ ចាន់ ឃីម ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន ជៀសផុតពីជំងឺទាំងពួង។

រដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋមានបញ្ហាអ្វី ក៏លោកនៅតែជួយនិងមិនទុកប្រជាពលរដ្ឋចោលឡើយ។ ជាមួយគ្នានេះ លោក នាយករដ្ឋមន្ត្រីមិនត្រឹមតែផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃទេ តែថែមទាំងបានឧបត្ថម្ភថវិកានិងសម្ភារជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចាក់វ៉ាក់សាំងដែលទទួលបានលេខរៀងចាប់ពីលេខរៀងទី១លានរហូតមកដល់ពេលនេះ។

រដ្ឋបាលខេត្តសៀមរាប ក៏បានជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុយឺនយូរ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យធំធេងថ្មីៗបន្ថែមទៀត ដើម្បីបន្តជាមគ្គុទេសក៍ដឹកនាំកម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់បន្ថែមទៀត៕

អត្ថបទទាក់ទង