ខ្មែរប៉ុស្ដិ៍ Close

អំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងទី ៦លាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
អំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងទី ៦លាន អំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងទី ៦លាន

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន។

អ្នកស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម គឺជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ អ្នកស្រី ផេង សឿន បានបង្ហាញនូវក្តីត្រេកអរជាខ្លាំងនៅពេលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះប្រាក់រង្វាន់នេះ ក៏បានរួមចំណែកជួយដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងមានស្ថានភាពខ្វះខាតផងនោះ។

គួររម្លឹកថា តាមរយៈទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖ «មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង៦០ ភាគរយ នៃប្រជាជន១០លាននាក់ ដែលត្រូវចាក់។ លោកបន្តថា លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារផ្សេងទៀតដែលជាជំនួយ របស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់៕»

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ៦ ០៦១ ៣០៥នាក់ ដែលស្មើនឹង ៦០,៦១ភាគរយ ធៀបនឹងគោលដៅ ១០លាននាក់៕

 

អត្ថបទទាក់ទង