ខ្មែរប៉ុស្ដិ៍ Close

យុវជនខ្មែរមួយក្រុមសហការជាមួយសមាគមអភិរក្សស៊ីក្លូបង្កើតជាធុងអាហារសហគមន៍ចល័ត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 22
យុវជនខ្មែរមួយក្រុមសហការជាមួយសមាគមអភិរក្សស៊ីក្លូបង្កើតជាធុងអាហារសហគមន៍ចល័ត យុវជនខ្មែរមួយក្រុមសហការជាមួយសមាគមអភិរក្សស៊ីក្លូបង្កើតជាធុងអាហារសហគមន៍ចល័ត

ភ្នំពេញ៖ យុវជនខ្មែរមួយក្រុមបានសហការជាមួយសមាគមអភិរក្សស៊ីក្លូ បង្កើតជាធុងអាហារសហគមន៍ចល័ត ដើម្បីសម្រួលដល់ប្រជាពល រដ្ឋ និងជនអនាថា ដែលមាន ការខ្វះខាត។

លោក តាំង ហួងហាវ ជានិស្សិតខ្មែរមួយរូបកំពុងសិក្សាផ្នែកចង្វាក់សេដ្ឋកិច្ច និងគ្រប់ គ្រងឆ្នាំទី៣នៅសហរដ្ឋអាមេ រិក បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការជាមួយសមាគមអភិរក្សស៊ីក្លូអស់រយៈពេលជាង៤សប្ដាហ៍មកហើយ បង្កើតជាធុងអាហារសហគមន៍ចល័ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងជនអនាថា ដែលមានការខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

លោកបានបន្តថា សម្រាប់ធុងអាហារសហគមន៍ចល័តនេះ បានបង្កើតឡើងតាមរយៈការធ្វើយុទ្ធការធុងអាហារសហគមន៍ចល័តដោយសហការជាមួយសមាគមអភិរក្សស៊ីក្លូ និងអ្នកស្ម័គ្រចិត្តមួយចំនួន ដោយផ្អែកលើពាក្យស្លោក “អ្នកមានដាក់អ្នកខ្វះដក” ។

លោកយល់ឃើញថាប្រសិនបើរាជធានីភ្នំពេញ មានធុងអាហារអាចឲ្យប្រជាពលរដ្ឋ ដែលមានការលំបាក ឬក៏ជនអនាថា អាចទៅយកបានដោយមិនចាំបាច់មានការព្រួយបារម្ភនោះ វាពិតជាល្អខ្លាំងណាស់ និងជាពិសេសសម្រាប់ប្រជាពល រដ្ឋដែលមានបំណងចង់បរិច្ចាគ មិនថាតិចឬក៏ច្រើនទេ គឺមានភាពងាយស្រួលដោយគ្រាន់តែដាក់ចូលទៅក្នុងធុង ដែលមាននៅតាមទីតាំងជា ការស្រេច។

លោកពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលអាចរួមចំណែកជួយដល់ប្រជា ពលរដ្ឋ ជាពិសេសបានឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ខ្មែរជួយខ្មែរ មិនថាតិចឬច្រើនទេ ដែលជាទឹកចិត្តមិនអាចកាត់ថ្លៃបាន។ សំឡេង៖ « សប្បាយចិត្តមែនទែនបង និយាយទៅក្នុងការឃើញពួកគាត់ចូលរួមច្រើន ហើយអ្វីដែលខ្ញុំសប្បាយជាងគេគឺត្រង់គាត់ថាឥឡូវ បងមានតែមី ២ទៅ៣ កញ្ចប់ទេ តែដោយសារប្អូនឯងមានធុងអ៊ីចឹងទៅបងអាចដាក់នៅនឹងបាន ហើយអ៊ីចឹងវាត្រូវនឹងគោលដៅដែលខ្ញុំចង់បង្កើតធុងហ្នឹង គឺតិចក្ដីអ៊ីចឹងទៅគាត់មានភាពសប្បាយចិត្តទាំងអស់គ្នា ។

ពេលគាត់ឃើញមានធុងទៅ គាត់បានដាក់ដើម្បីចែកជូនគេទៅ គឺគាត់បានចែករំលែកការសប្បាយចិត្ត តាមរយៈការបរិច្ចាគតិចក្ដីច្រើនក្ដី»។ ជាមួយគ្នានោះ លោកអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយគាំទ្រដល់យុទ្ធនាការផ្សេងៗ ដែលទាក់ទង និងសហគមន៍ការចូលរួមកាត់ បន្ថយការលំបាករបស់ប្រជា ពលរដ្ឋ និងនៅតែបន្តចូលរួមការបរិច្ចាគតិចក្ដីច្រើនក្ដីតាម ដែលអាចធ្វើបានទៅដល់ ជនពិការ ក្មេងកំព្រា មនុស្សចាស់គ្មានទីពឹង និងជនអនាថា។

សូមបញ្ជាក់ថា លោក តាំង ហួងហាវ និងក្រុមការងារបានបង្កើតធុងអាហារសហគមន៍ចល័តនៅក្នុងខែមិថុនាឆ្នាំ ២០២១ ដោយបច្ចុប្បន្នមាន ៦ទីតាំងដូចជា ៖ តំបន់បឹង កេងកង តំបន់ផ្សាររាត្រី តំបន់មាត់ទន្លេ តំបន់សួនវត្តបទុម វតី តំបន់ផ្សារអូរឫស្សី និងតំបន់ផ្សារថ្មី៕