ខ្មែរប៉ុស្ដិ៍ Close

ខេត្តព្រះវិហារកំណត់យកក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង ជាគោលដៅនៃការចាក់វ៉ាក់សាំងមុនគេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
ខេត្តព្រះវិហារកំណត់យកក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង ជាគោលដៅនៃការចាក់វ៉ាក់សាំងមុនគេ ខេត្តព្រះវិហារកំណត់យកក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង ជាគោលដៅនៃការចាក់វ៉ាក់សាំងមុនគេ

រដ្ឋបាលក្រុង-ស្រុកចំនួន៣ នៃខេត្តព្រះវិហារ បានកំណត់ទីតាំងទទួលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមកទទួលយកសេវាចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាថ្ងៃទី១៤កក្កដាឆ្នាំ២០២១នេះ។

ការផ្តល់សេវាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅលើដែនដីរដ្ឋបាលក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង ចាប់ដំណើរការពីថ្ងៃទី១៤កក្កដាឆ្នាំ២០២១នេះ តទៅ សម្រាប់ការចាក់ដូសទី១។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលខេត្តព្រះវិហារ បានកំណត់យកក្រុងព្រះវិហារ ស្រុកជាំក្សាន្ត និងស្រុករវៀង ជាគោលដៅនៃការចាក់វ៉ាក់សាំងមុនគេ ក៏ព្រោះរដ្ឋបាលក្រុង-ស្រុកទាំង៣នេះ មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ច្រើនជាងគេ ម្យ៉ាងទៀត ដោយសារវ៉ាក់សាំងដែលផ្តល់មកនេះ មានកំណត់ដូសសម្រាប់ការចាក់ជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្តឲ្យដឹងទៀតថា សម្រាប់ស្រុកជាំក្សាន្ត ប្រជាពលរដ្ឋដែលត្រូវមកទទួលយកសេវាចាក់វ៉ាក់សាំង មានចំនួន ៣ម៉ឺន ៨៨៧នាក់ ក្នុងនោះ ស្រី១ម៉ឺន ៥ពាន់៨២៩នាក់ ទីតាំងដែល ត្រូវចាក់វ៉ាក់សាំង មាន៤កន្លែង គឺនៅទីរួមស្រុកជាំក្សាន្ត សាលប្រជុំគណបក្ស ២កន្លែង និងនៅឃុំស្រអែម ក្នុងវិទ្យាល័យហ៊ុនសែនស្រអែម ចំនួន ២កន្លែង។ នៅ

ក្នុងក្រុងព្រះវិហារ ប្រជាពលរដ្ឋដែលត្រូវមកទទួលយកសេវាចាក់វ៉ាក់សាំង មានចំនួន ១ម៉ឺន ៧៧០នាក់ ក្នុងនោះ ស្រី ៥ពាន់ ៨៣៤នាក់ ហើយទីតាំងដែល ត្រូវចាក់វ៉ាក់សាំងមាន ៥កន្លែង គឺនៅសាលាបឋមសិក្សា ត្បែងមានជ័យ ចំនួន ៣កន្លែង សាលប្រជុំសាលាក្រុងព្រះវិហារ និងសាលាបឋមសិក្សា ប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

នៅក្នុងស្រុករវៀង ប្រជាពលរដ្ឋដែលត្រូវមកទទួលយកសេវាចាក់វ៉ាក់សាំង មានចំនួន ២ម៉ឺន ៧ពាន់ ៧៦៥នាក់ ស្រី ១ម៉ឺន ៣ពាន់ ៩០៣នាក់ និងមានការរៀបចំទីតាំងចំនួន ៤កន្លែង គឺនៅមណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពរវៀង អនុវិទ្យាល័យត្រពាំងទឹម និងអនុវិទ្យាល័យឈ្នួត។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ថា ចំពោះវ៉ាក់សាំងដែលត្រូវចាក់នៅក្នុងពេលនេះ គឺមាន២ប្រភេទ៖

១-វ៉ាក់សាំងស៊ីណូហ្វាម នឹងត្រូវចាក់ជូនប្រជាពលរដ្ឋចំនួន ១ម៉ឺន ៧៧០នាក់ សម្រាប់ក្រុងព្រះវិហារ
២-វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋចំនួន ៥ម៉ឺន ៨ពាន់ ៦៦២នាក់ សម្រាប់ប្រជាលរដ្ឋនៅក្នុងស្រុករវៀង និងស្រុកជាំក្សាន្ត ហើយការចាក់វ៉ាក់សាំងនេះ គឺសម្រាប់តែប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ប៉ុណ្ណោះ៕

អត្ថបទទាក់ទង