ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យផ្អាកការធ្វើដំណើររបស់អនិកជនវៀតណាម ឆ្លងដែនទៅប្រទេសខ្លួន និងត្រឡប់មកកម្ពុជាវិញក្នុងរយៈពេលនេះសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យផ្អាកការធ្វើដំណើររបស់អនិកជនវៀតណាម ឆ្លងដែនទៅប្រទេសខ្លួន និងត្រឡប់មកកម្ពុជាវិញក្នុងរយៈពេលនេះសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យផ្អាកការធ្វើដំណើររបស់អនិកជនវៀតណាម ឆ្លងដែនទៅប្រទេសខ្លួន និងត្រឡប់មកកម្ពុជាវិញក្នុងរយៈពេលនេះសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី «Delta» ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរប្រាប់ទៅអនិកជនវៀតណាមផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ទៅប្រទេសវៀតណាម និងត្រឡប់ចូលមកកម្ពុជាវិញក្នុងស្ថានភាពពេលនេះសិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ក្នុងការថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ពីគេហដ្ឋាន នាទីក្រុងតាខ្មៅ ខេត្ដកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖

«ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩និងពង្រឹងតាមព្រំដែន ដែលថ្ងៃមុនខ្ញុំបានជួបគ្នានិយាយតាមទូរស័ព្ទអំពីរឿងនេះគឺ ធ្វើយ៉ាងណាគ្រប់គ្រងនៅក្នុងពេលនេះ។ អីចឹ្ចងនៅក្នុងតំបន់ដែលមានអនិកជនវៀតណាមរស់នៅ សូមប្រាប់ថាផ្អាកឆ្លងដែនទៅវៀតណាមសិន ព្រោះថាបើធ្វើដំណើរទៅនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត»។

សម្តេចតេជោបន្តថា មិនថាតែការធ្វើដំណើរតាមព្រំដែនវៀតណាមទេ សូម្បីតែធ្វើដំណើរព្រំដែនថៃ ឡាវ ក៏មិនត្រូវធ្វើដែរបើគ្មានការចាំបាច់។

សម្តេចតេជោបានអះអាងថា «គ្មានប្រទេសណាមួយគ្មានសុវត្ថិភាពទេ វៀតណាម ថៃ ឡាវ ហើយយើងមិនអាចនិយាយថាកម្ពុជា ចម្លងជំងឺទៅវៀតណាម ឬវៀតណាមចម្លងមកកម្ពុជា ឬថៃចម្លងមកកម្ពុជា ហើយកម្ពុជាចម្លងជំងឺទៅថៃ ឬកម្ពុជាចម្លងជំងឺទៅឡាវ ឬឡាវចម្លងជំងឺមកកម្ពុជាទេ។ អត់អាចនិយាយភាសានេះបានទេ ពេលនេះមិនមែនជា ការនិយាយទម្លាក់កំហុសដាក់គ្នានោះទេ»។

សម្តេចតេជោបានថ្លែងបន្ដថា កម្ពុជាមានភាពងាយស្រួលក្នុងការគ្រប់គ្រងកូវីដ-១៩ តាមផ្លូវអាកាសដោយសារនៅតាមកន្លែងចុះចតសុទ្ធតែមានកន្លែងយកសំណាកត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលព្រួយបារម្ភនោះគឺព្រំដែនគោក និងព្រំដែនទឹក។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវតែពង្រឹងការចេញ-ចូលតាមព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងព្រំដែនអាកាស។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងដែរថា ត្រូវតែធ្វើការធ្វើតេស្តតាមព្រំដែនឱ្យបានឆាប់រហ័ស ហើយនៅគ្រប់ច្រកព្រំដែនទាំងអស់ត្រូវមានប្រដាប់ធ្វើតេស្តរហ័ស ក្រៅពីធ្វើតេស្ត រហ័សបើសង្ស័យគឺធ្វើតេស្តដោយប្រើម៉ាស៊ីនធំតែម្តង៕

អត្ថបទទាក់ទង