ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បន្តបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បន្តបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បន្តបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ

នៅទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរៀបចំបើកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋជាបន្តទៀតដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧០រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ដែលទទួលការចែករម្លែកបទពិសោធន៍ពីគ្រូឧទ្ទេសនាមជាជនជាតិបរទេស។
វគ្គបណ្តុះបណ្តាលនេះ នឹងមានរយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។

 

នេះជាវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើង បន្ទាប់ពីវគ្គចំណេះដឹងជាមូលដ្ឋានការងារនាំពាក្យ និងព័ត៌មាន ទើបនឹងចែករម្លែកបទពិសោធន៍ពីគ្រូបង្គោលដែលជាជនជាតិកម្ពុជាចំនួន៤រូប កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។

គ្រូដែលជាជនជាតិបរទេសមានបទពិសោធន៍ជាច្រើនឆ្នាំលើកិច្ចការងារព័ត៌មាន និងនាំពាក្យ បានបង្ហាញនូវយុទ្ធសាស្ត្រ យុទ្ធវិធី វិធីសាស្ត្រ បច្ចេកទេស និងបទពិសោធគម្លឹះដ៏សំខាន់ៗ ដល់មន្ត្រីអ្នកនាំពាក្យតំណាងក្រសួងស្ថាប័នរដ្ឋ ដើម្បីយកទៅបំពេញការងារ និងបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។
គ្រូឧទ្ទេសនាម បានបញ្ជាក់ថា អ្នកនាំពាក្យ គឺជាអ្នកដែលកាន់កិច្ចការងារជាយុទ្ធសាស្ត្រ ដូច្នេះត្រូវ ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវមានភាពប៉ិនប្រសប់ក្នុងការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានឱ្យចំបញ្ហា និងក៏ជាអ្នកដែលត្រូវតែប្រកាន់យកនូវសុចរិតភាពចំពោះស្ថាប័នរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ស្វាយ ស៊ីថា ក្នុងនាមឯកឧត្តមគតិនីតិកោសលបណ្ឌិត្យឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា តួនាទីរបស់មន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ មានសារៈសំខាន់ខ្លាំងណាស់ គឺមិនត្រឹមតែជានិមិត្តរូប ឬជាស្ពានចម្លងព័ត៌មានពិតរបស់ស្ថាប័ននីមួយៗទៅសាធារណជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពារនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដទៀតផង ហើយជាពិសេសជាងនេះទៅទៀត ក្នុងសមរភូមិសាធារណមតិ អ្នកនាំពាក្យ គឺជាអ្នកការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ និងការឯកភាពភាពជាតិផងដែរ។

លោក ស្វាយ ស៊ីថា បានបន្ថែមថា អ្នកនាំពាក្យមានតួនាទីសំខាន់ណាស់ ក្នុងការកែតម្រូវជុំវិញការបំភ្លៃ និងការភូតកុហកដោយក្រុមជនមួយចំនួនដែលនិយាយមិនពិត ជាពិសេស គឺក្រុមប្រឆាំងដែលបាននិងកំពុងញុះញង់ ដុតបញ្ឆេះឱ្យមានឡើងនូវបដិវត្តពណ៌ បង្កចលាចលក្នុងសង្គម។ ដូច្នេះ អ្នកនាំពាក្យស្ថាប័នរដ្ឋ គឺជាអ្នកជួរមុខក្នុងការបន្សាបនូវព័ត៌មានក្លែងក្លាយ Fake news ដែលជាយុទ្ធសាស្ត្រ និងឧបាយកិច្ចដ៏ពិសពុល នៃបដិវត្តពណ៌។

លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នការផ្សព្វផ្សាយព័ត៌មានបោកប្រាស់ និងបំពុលដោយក្រុមប្រឆាំង ជាពិសេស ការកើនឡើងនៃព័ត៌មានក្លែងក្លាយ FAKE NEWS មានច្រើនប្រភេទណាស់ ហេតុនេះចាំបាច់អ្នកនាំពាក្យត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការគ្រប់គ្រងសាធារណមតិ ឬអាចនិយាយមួយបែបទៀតថា អ្នកនាំពាក្យដូចជាអ្នកពន្លត់អគ្គីភ័យដូច្នោះដែរ គឺនៅពេលដែលមានព័ត៌មានអវិជ្ជមាន និងការចោទប្រកាន់ខុស ពុំមានមូលដ្ឋានច្បាស់លាស់ប៉ះពាល់ដល់ស្ថាប័នរបស់ខ្លួន និងរាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធ្វើការបកស្រាយ បំភ្លឺតបទៅវិញតាមទម្រង់ផ្សេងៗឱ្យបានលឿន និងច្បាស់លាស់។

លោក ស្វាយ ស៊ីថា ក៏បានធ្វើការផ្តាំផ្ញើ និងសំណូមពរឱ្យសិក្ខាកាមជាមន្ត្រីអ្នកនាំពាក្យទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេសនាមឱ្យបានហ្មត់ចត់ ពីព្រោះថា បើយើងអាចអប់រំ និងគ្រប់គ្រងសាធារណមតិបានកាន់តែល្អ នោះបរិយាកាសក្នុងសង្គមកាន់តែរឹងមាំ និងល្អប្រសើរដែលជាគ្រឹះនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

អត្ថបទទាក់ទង