ខ្មែរប៉ុស្ដិ៍ Close

NOCC ត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
NOCC ត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ NOCC ត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមប្រព័ន្ធអនឡាញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា ទិវាអូឡាំពិក គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន ប្រធាន NOCC ។ ជារៀងរាល់ឆ្នាំ អូឡាំពិកអន្តរជាតិ តែងតែដាក់ចេញឱ្យបណ្តាប្រទេសនានានៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរម្លឹកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិនៅលើពិភពលោក ឱ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត សកម្មភាពកីឡា។

នៅក្នុងការរម្លឹកគុណ នៃទិវាអូឡាំពិកនេះ NOCC នឹងប្រារព្ធពិធីដ៏ពិសេសមួយ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឱ្យបណ្តាប្រទេសនានាជុំវិញពិភពលោកឱ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។ ដូច្នេះ នេះមានន័យថា ទិវាអូឡាំពិកនេះនឹងបំផុសឱ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឱ្យបានខ្លាំងក្លា ក្នុងបរិបថថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។

លោក វ៉ាត់ ចំរើន លើកឡើងថា «ដូច្នេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបប នៃការធ្វើលំហាត់ប្រាណជូនដល់ប្រជាពលរដ្ឋ យុវជននានាឱ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។ អីចឹងយើងនឹងរួមគ្នាហាត់ប្រាណតាមប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»។

សូមបញ្ជាក់ថា តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី៕

អត្ថបទទាក់ទង