ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាផ្តោតឡើងវិញលើគំរូសេដ្ឋកិច្ចដែលប្រកបដោយចីរភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
កម្ពុជាផ្តោតឡើងវិញលើគំរូសេដ្ឋកិច្ចដែលប្រកបដោយចីរភាព កម្ពុជាផ្តោតឡើងវិញលើគំរូសេដ្ឋកិច្ចដែលប្រកបដោយចីរភាព

នៅពេលដែលប្រទេសជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក លោក Akio Morita ដែលជាសហស្ថាបនិកក្រុមហ៊ុន Sony Corporation បាន ប្រើពាក្យ «សេដ្ឋកិច្ចរយៈពេល10 នាទី» និង «សេដ្ឋកិច្ចរយៈពេល10 ឆ្នាំ» ដើម្បី «រិះគន់សហរដ្ឋអាមេរិកចំពោះការពឹងផ្អែកខ្លាំងពេកលើប្រព័ន្ធសេដ្ឋកិច្ចអរូបី» ដូចជាការជួញដូរផ្នែកហិរញ្ញវត្ថុ ក៏ដូចជាទីផ្សារមូលបត្រដែលទទួលបានប្រាក់ ចំណេញភ្លាមៗ ខណៈពេលដែលខ្លួនមិនបានផ្តល់សារសំខាន់ច្រើនដល់វិស័យផលិត ដែលវាមាននិរន្តរភាពជាងនោះទេ។

ប្រជាជនជប៉ុនភាគច្រើនជឿជាក់ថា ភាពខ្លាំងនៃសេដ្ឋកិច្ចជាតិរបស់ពួកគេ ត្រូវបានទ្រទ្រង់ដោយឧស្សាហកម្មផលិតរបស់ខ្លួនជាមួយនិងបច្ចេកវិទ្យាជឿនលឿន ព្រមទាំងការវិនិយោគដ៏រឹងមាំទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍ។ នៅពេលដែលចិនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ​២ នោះ ក៏ដោយសារតែឧស្សាហកម្មផលិតដ៏រឹងមាំរបស់គេផងដែរ ដែលធ្វើឱ្យប្រទេសនេះក្លាយទៅជារោងចក្ររបស់ពិភពលោក។

សម្រាប់កម្ពុជាវិញ ប្រទេសនេះប្រហែលជាត្រូវការទាំង «សេដ្ឋកិច្ចរយៈពេល 10 នាទី» ផង និងទាំង «សេដ្ឋកិច្ចរយៈពេល 10 ឆ្នាំ» ផង។

ទោះបីជាប្រទេសកម្ពុជាកំពុងព្យាយាមលើកកម្ពស់ផ្នែកផលិត តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (Industrial Development Policy – IDP) ក៏ដោយ ក៏មូលដ្ឋានឧស្សាហកម្មរបស់ប្រទេសនេះនៅតែខ្សោយ ហើយពឹងពាក់ស្ទើរតែទាំងស្រុងទៅលើការវិនិយោគពីបរទេស ទាំងក្នុងផ្នែកបច្ចេកវិទ្យា ក៏ដូចជាទាំងផ្នែកមូលធន។

តាមការសង្កេតជាទូទៅ អ្នកជំនួញនៅកម្ពុជាក៏ចង់ក្លាយជាអ្នកមានយ៉ាងឆាប់ រហ័សតាមរយៈ «សេដ្ឋកិច្ចរយៈពេល10 នាទី» ដែរ ជាពិសេសគឺតាមរយៈការរកស៊ីប្រថុយប្រថានលើផ្នែកអចលនទ្រព្យដែលមិនចាំបាច់ត្រូវការវិនិយោគលើការសាងសង់រោងចក្រ បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានមនុស្សនោះទេ។

លំហូរចូលយ៉ាងគំហុកនៃដើមទុនបរទេសកើតមានឡើងតែម្តងម្កាលប៉ុណ្ណោះ ហើយក៏មិនបានកើតឡើងក្នុងរយៈពេលយូរទៅទៀត។ ដូច្នេះ នៅពេលដែលលំហូរចូលខ្ពស់នេះកើតមានឡើងម្ដងៗ ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ផងនោះ គឺវាពិបាកក្នុងការបន្ទោសដល់អ្នកជំនួញកម្ពុជាណាស់ ព្រោះពួកគេត្រូវបានទាក់ទាញឱ្យផ្តោតលើការប្រថុយប្រថានរកស៊ីលើវិស័យដីធ្លី ជាជាងផ្ដោតលើវិស័យឧស្សាហកម្មផលិត ដែលមានហានិភ័យទាបជាង។

ក្រឡេកទៅមើលទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ វិញ ប្រទេសកម្ពុជាធ្លាប់បានពឹងផ្អែកលើការវិនិយោគមូលធនពីប្រទេសថៃ និងវៀតណាម។ ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅពេលនោះ គឺមានភាពផុយស្រួយខ្លាំងណាស់ ហើយលំហូរចូលនៃមូលធននៅពេលនោះទៀតសោត ក៏មិនមានសារសំខាន់ណាស់ណានោះទេ ព្រោះពេលនោះ គឺជាស្ថានភាពសេដ្ឋកិច្ចក្រោយសង្គ្រាម ហើយការគ្រប់គ្រងក៏ពុំមានស្ថិរភាពនោះដែរ។

លំហូរចូលយ៉ាងគំហុកនៃការវិនិយោគផ្ទាល់ពីបរទេស បានលេចចេញឡើងពីប្រទេសកូរ៉េខាងត្បូងនៅដើមទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨។ ក៏ប៉ុន្តែវាមិនមានរយៈពេលយូរនោះទេ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០០៧ ។

ការវិនិយោគរបស់កូរ៉េខាងត្បូងបានផ្តោតសំខាន់លើអាជីវកម្មផ្នែកអចលនទ្រព្យជាមួយនិងប្រាក់ចំណេញភ្លាមៗ ហើយវិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យវិស័យអចលនទ្រព្យលែងដំណើរការទៅមុខ និងបានបណ្តាលឱ្យវិនិយោគិនកូរ៉េស្ទើរតែបាត់ខ្លួនអស់ពីកម្ពុជា។ សំណង់មួយចំនួនដែលមិនទាន់បានសាងសង់រួច ដូចជាអគារ Gold Tower 42ជាន់ ជាដើម គឺជានិមិត្តរូបនៃអាជីវកម្មមិនចប់ចុងចប់ដើម របស់ជនជាតិកូរ៉េ ដែលក្រោយមកត្រូវបានកាន់កាប់បន្តដោយការវិនិយោគរបស់ចិននៅចុងទស្សវត្សឆ្នាំ ២០១០។

បច្ចុប្បន្ននេះ កម្ពុជាបានទទួលយកលំហូរចូលដ៏ច្រើនសន្ធឹកសន្ធាប់នៃមូលធនបរទេសជាថ្មីម្តងទៀត។ ម្ដងនេះ គឺជាការវិនិយោគពីប្រទេសចិនដែលទទួលបានសន្ទុះយ៉ាងខ្លាំង ជាពិសេសគឺបន្ទាប់ពីឆ្នាំ២០១៦ នៅពេលដែលទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុបានរីកដុះដាលឡើងនូវអគារខ្ពស់ៗជាច្រើន។ ម្ចាស់ដីមួយចំនួន (អាចមានដល់ទៅរាប់ពាន់នាក់) នៅក្រុងព្រះសីហនុបានក្លាយជាមហាសេដ្ឋីភ្លាមមួយរំពេច។

ប៉ុន្តែ គេត្រូវចងចាំថា លំហូរចូលយ៉ាងគំហុកនៃដើមទុនបរទេស គឺមិនមានជារៀងរហូតនោះទេ ហើយឱកាសបែបនេះក៏ប្រហែលជាកើតមានឡើងតែនៅរៀងរាល់១៩ ឆ្នាំម្តងតែប៉ុណ្ណោះ។ ហើយប្រសិនបើវាហូរចូលមកលឿន វាក៏នឹងហូរចេញទៅវិញលឿនដូចគ្នាដែរ គឺមិនខុសគ្នាពីអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ និងឆ្នាំ២០០៧ នោះទេ។ នៅពេលដែល «សេដ្ឋកិច្ចរយៈពេល១០ នាទី» ដកថយ នោះ «សេដ្ឋកិច្ចរយៈពេល១០ ឆ្នាំ» នឹងត្រូវដើរតួនាទីក្នុងការថែរក្សាស្ថិរភាពវិញម្ដង។

ប៉ុន្តែការបង្កើត «សេដ្ឋកិច្ចរយៈពេល ១០ ឆ្នាំ» មិនមែនជាការងាយស្រួលនោះទេ ហើយតាមរយៈបទពិសោធន៍នៅក្នុងប្រទេសជាច្រើន គឺវាសម្រេចបានតាមរយៈឧស្សាហកម្មដែលដឹកនាំដោយរដ្ឋ និងដែលគាំទ្រដោយសហគ្រាសក្នុងស្រុក។

ជាក់ស្ដែង នៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ជាទីដែលក្រុមហ៊ុនធំៗបានគាំទ្រ និងបានចូលរួមក្នុងឧស្សាហូបនីយកម្មដែលដឹកនាំដោយរដ្ឋាភិបាលនៅដំណាក់កាលដំបូងដើម្បីបង្កើតនូវភាពជោគជ័យខាងផ្នែកសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសទាំងនោះ។

នៅក្នុងឧទាហរណ៍បែបនេះ ក្រុមហ៊ុនធំៗដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពឧស្សាហកម្ម បានបង្កើតឧស្សាហកម្មថ្មីៗ ព្រមទាំងបានជំរុញការប្រកួតប្រជែងរបស់ប្រទេសខ្លួននៅលើឆាកអន្តរជាតិទៀតផង។ រដ្ឋាភិបាលក៏ពឹងផ្អែកលើក្រុមហ៊ុនយក្សទាំងនេះផងដែរ ហើយជាលទ្ធផលក្រុមហ៊ុនទាំងនោះក៏ត្រឡប់ទៅពឹងផ្អែកលើគោលនយោបាយ និងការលើកទឹកចិត្តរបស់រដ្ឋវិញដូច្នោះដែរ។

ឧទាហរណ៍មួយថ្មីបំផុត គឺនៅប្រទេសវៀតណាមជាទីដែលក្រុមហ៊ុន Vingroup អាចមានលទ្ធភាពអភិវឌ្ឍនិងផលិតរថយន្តអគ្គិសនីបានដោយខ្លួនឯង ដែលនេះគឺដោយសារតែការគាំទ្រគោលនយោបាយទាំងស្រុងពីរដ្ឋាភិបាលវៀតណាម។

កិច្ចប្រឹងប្រែងផ្នែកឧស្សាហូបនីយកម្មរបស់កម្ពុជានៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ស្របពេលដែលប្រទេសនេះបានទទួលសុខសន្តិភាពគ្មានការរំខានក្នុងរយៈពេល ២០ ឆ្នាំ ហើយបានផ្លាស់ប្តូរកេរ្តិ៍ឈ្មោះរបស់ខ្លួន ពីប្រទេសមួយដែលមានប្រវត្តិខ្មៅងងឹត មកជាប្រទេសដែលមានស្ថិរភាព សមស្របនឹងផ្ដល់ទំនុកចិត្តចំពោះការវិនិយោគផ្ទាល់ពីបរទេស។

ប្រទេសកម្ពុជាធ្លាប់តែត្រូវបានគេមើលទៅថាជាប្រទេសដែលគេមិនគួរទៅ គឺមានតែអ្នកដែលទៅធ្វើកិច្ចការមនុស្សធម៌ និងអ្នកធ្វើដំណើរផ្សងព្រេងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគ ដែលបានមកប្រទេសនេះកាលពីអំឡុងទស្សវត្សឆ្នាំ ២០១០ ជារឿយៗត្រូវបានបង្ខំចិត្តយល់ឃើញថា «ការយល់ឃើញ ក៏ដូចជាបុរេវិនិច្ឆ័យកាលពីពេលមុនរបស់ពួកគេលែងមានភាពត្រឹមត្រូវទៀតហើយ»។

អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទាមទារការយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងឧស្សាហកម្មជាក់ស្តែងដោយក្រុមហ៊ុនក្នុងស្រុក ជាមួយនិងការគាំទ្រខាងផ្នែកគោលនយោបាយពីរដ្ឋាភិបាល។

វាជាការជម្រុញទឹកចិត្តមួយដែលថា «ក្រុមហ៊ុនក្នុងស្រុកធំៗមួយចំនួនរបស់កម្ពុជា ហ៊ានជួលនាយកប្រតិបត្តិពីបរទេសដើម្បីផ្ទេរជំនាញបច្ចេកទេស ហ៊ានទិញបច្ចេកវិទ្យាពីបរទេស ក៏ដូចជាហ៊ានផ្តល់ប្រាក់ខែខ្ពស់ដល់ប្រជាជនកម្ពុជាដែលមានគុណវុឌ្ឍិទទួលស្គាល់ជាអន្តរជាតិទៀតផង»។

កម្ពុជាត្រូវការការលើកទឹកចិត្តបែបនេះបន្ថែមទៀត ត្រូវការការវិនិយោគពីមូលធនក្នុងស្រុកក្នុងទំហំធំជាងមុន ត្រូវការការប្តេជ្ញាចិត្តខាងផ្នែកនយោបាយខ្ពស់ជាងមុន ព្រមជាមួយនិងនិរន្តរភាពក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ត្រូវការបង្កើតការយល់ដឹងអំពីទិសដៅជាតិ ក៏ដូចជាត្រូវការបង្កើតបរិយាកាសនិងប្រព័ន្ធអេកូឡូស៊ីអំណោយផល សម្រាប់ក្រុមហ៊ុនក្នុងស្រុកដើម្បីឱ្យពួកគេហ៊ានវិនិយោគក្នុងវិស័យផលិតកម្ម៕ Asia Times

អត្ថបទទាក់ទង