ខ្មែរប៉ុស្ដិ៍ Close

តោះមកស្គាល់ផ្សារទំនើបទាំង១២នៅកម្ពុជា នឹងដំណើរឆាប់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 77
តោះមកស្គាល់ផ្សារទំនើបទាំង១២នៅកម្ពុជា នឹងដំណើរឆាប់ៗ តោះមកស្គាល់ផ្សារទំនើបទាំង១២នៅកម្ពុជា នឹងដំណើរឆាប់ៗ

នៅ​ឆ្នាំ​២០១៨​នេះ អ្នកជំនាញ​អចលនទ្រព្យ​បាន​ហៅថា “​ជា​ឆ្នាំ​នៃ​ផ្សារ​ទំនើប​” ដោយសារ​ឆ្នាំនេះ​ផ្សារ​ទំនើប​តូច ធំ​ចំនួន​១២ នឹង​បើក​ដំណើរការ​ជា​​បន្ត​បន្ទាប់​។​ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​រស្មី​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី៤ ខែឧសភា​នេះ។

ទីតាំង ទំហំ និង​ឈ្មោះ​ផ្សារ​ទំនើប​ទាំង ១២ នោះ មាន​ដូចខាង​ក្រោម៖

១. ផ្សារ​ទំនើប AEON Mall 2 ៖ ជា​ផ្សារ​ទំនើប​ធំជាង​គេ ដែល​នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី២ ឆ្នាំនេះ។ ផ្សារ​នេះ​ស្ថិតនៅ​លើ​ផ្លូវ​លេខ ១០០៣ តំបន់​ពោងពាយ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ផ្សារ​នេះ​មាន​ទំហំ ជាង​៧ម៉ឺន​ម៉ែត្រ​ការ៉េ។ វា​មាន​ទំហំ​ធំ​ជាង​ផ្សារ​ទំនើប AEON Mall ទី១។

២. ផ្សារ​បែប​សហគមន៍ Eden Garden ៖ ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ភ្នំពេញ​ស៊ីធី​សេនធ័រ (Phnom Penh City Center) ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ​មាន​ទំហំ ៥ពាន់​ម៉ែត្រ​ការ៉េ។ Eden Garden ជា​គម្រោង​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ីធីសេនធ័រ ដែល​ប្រមូល​ផ្ដុំ​ដោយ​ហាង​ទំនិញ ភោជនីយដ្ឋាន​ រោងភាពយន្ត និង​ក្លឹប​កម្សាន្ត​ជាដើម។ ហាង​ជាច្រើន​នៃ​ផ្សារ​សហគមន៍​នេះ បាន​បើក​ដំណើការ​ហើយ ប៉ុន្តែ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែមិថុនា ឆ្នាំ២០១៨។

៣. ផ្សារ​សហគមន៍ The Park ៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ទល់​មុខ​បុរី​ប៉េងហួត ស្ថិត​ក្នុង​សង្កាត់​ឫស្សីស្រស់ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ មាន​ទំហំ ៤៥៨១ម៉ែត្រ​ការ៉េ។ ហាង​មួយចំនួន​នៅ​ក្នុង​ផ្សារ​សហគមន៍​នេះ បាន​បើក​ដំណើរការ​ហើយ។

៤. ផ្សារ​ទំនើប​ Prince Central Plaza ៖ ស្ថិតនៅ​ក្នុង​អគារ​ Prince Plaza តាម​បណ្ដោយ​មហា​វិថីព្រះនរោត្តម សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ផ្សារ​នេះ​មាន​ទំហំ ៨១០០ម៉ែត្រ​ការ៉េ។ Prince Plaza ជា​គម្រោង​ដែល​ប្រើប្រាស់​ចម្រុះ សម្រាប់​បរិបទ​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍​ថ្មី​នៅ​រាជធានី​ភ្នំពេញ។

៥. ផ្សារ​ទំនើប Midtown Mall ៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២០០៤ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ មាន​ទំហំ ៤៨៨១ម៉ែត្រ​ការ៉េ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨។

៦. ផ្សារ​ទំនើប​ The Olympia Mall ៖ ស្ថិត​នៅ​ក្នុង​គម្រោង​ Olympia City ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ផ្សារ​នេះ​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ហ្សាលដឺហ្គោល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ មាន​ផ្ទៃ​ក្រឡា ១៥០៨១ម៉ែត្រ​ការ៉េ និង​គ្រោង​បើក​ដំណើរការ​នៅ​ខែ​ធ្នូ ឆ្នាំ​នេះ។

៧. ផ្សារ​ទំនើប​ The Commune ៖ ស្ថិត​នៅ​លើ​ផ្លូវ ៣៤៧ និង​ផ្លូវ​លេខ ៣៤៩ ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​មាន​ទំហំ​ ៨១២៨ម៉ែត្រ​ការ៉េ។

៨. ផ្សារ​ទំនើប The Heritage Walk ៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គុំ ខេត្តសៀមរាប។ ផ្សារ​ទំនើប​នេះ នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី២ ឆ្នាំ​នេះ។ វា​មាន​ទំហំ ១៤០០០ម៉ែត្រ​ការ៉េ។

៩. ផ្សារ​ទំនើប WB Arena ៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ ជា​ផ្សារ​បែប​សហគមន៍ ដែល​ផ្ដល់​សេវា​កម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ការ​កម្សាន្ត។

១០. ផ្សារ​ទំនើប Down Town 93 ៖ ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​មាន​ការិយាល័យ​ធ្វើការ និង​ apartment។ ផ្សារ​ទំនើប​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

១១. ផ្សារ​ទំនើប The Bridge ៖ ស្ថិត​នៅ​ក្នុង​គម្រោង The Bridge ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ។ ផ្សារ​ទំនើប​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថីរដ្ឋសភាជាតិ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ វា​មាន​ទំហំ ១៩៣៤០ម៉ែត្រ​ការ៉េ។

១២. ផ្សារ​ទំនើប​ Diamond Twin Tower ៖ ស្ថិត​នៅ​ផ្លូវ​សុភ​មង្គល ក្នុង​ទីក្រុង​កោះពេជ្រ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​រួមមាន​ខុនដូ និង​ការិយាល័យ​ជាដើម។ វា​មាន​ទំហំ ១៥៦៤០ម៉ែត្រ​ការ៉េ និង​គ្រោង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី២ ឆ្នាំនេះ៕

 

ប្រភព៖ Sabay

អត្ថបទទាក់ទង