ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ជាង ៣៧ម៉ឺនគ្រួសារហើយ បានទទួលជំនួយស្បៀងអាហាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៥០០០គ្រួសារបន្ថែមទៀត។ បើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយសារកូវីដ-១៩ ចំនួនជាង ៣៧ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពីអាជ្ញាធររាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំង ១៥០០០គ្រួសារដែលទទួល អំណោយនៅថ្ងៃទី១១ ឧសភានេះរួមមាន៖ នៅខណ្ឌមានជ័យចំនូន ៤៥៦២គ្រួសារ នៅពោធិ៍សែនជ័យចំនួន ៦៩១៣គ្រួសារ ខណ្ឌឬស្សីកែវចំនួន ៣០២០គ្រួសារ និងខណ្ឌកំបូលចំនួន ៥០០គ្រួសារ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ១១ ខែឧសភានេះ បានចំនួន៣៧,៤៦៥២គ្រួសារ។
គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត ៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕