ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 75
កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត

កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដែលបញ្ជាទិញពីចិន ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលជាតំបន់មានការប្រឈមខ្ពស់ និងដើម្បីកាត់ផ្តាច់ការចម្លងវីរុសដ៏កាចសាហាវមួយនេះឲ្យមានប្រសិទ្ធភាព។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានាពេលនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា និងលើកទី២ មានចំនួន ៥០ម៉ឺនដូស បានមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

លោកស្រីបានបន្តថា វ៉ាក់សាំងកូវីដ-១៩នេះ គឺជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយសារជំងឺដ៏កាចសាហាវនេះ។

លោកស្រីបន្តទៀតថា តាមរយៈវត្តមានវ៉ាក់សាំងនេះ នឹងជួយឲ្យកម្ពុជាអាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងចាក់ជូនពលរដ្ឋឲ្យបានជាង១០លាននាក់ ត្រឹមឆមាសទី១ ឆ្នាំ២០២២ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច បានប្រសើរឡើងវិញ។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឲ្យបានរហូតដល់ទៅជាង ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឲ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំ។ លោកបានបញ្ជាក់ កាលពីពេលថ្មីនេះថា ក្នុងខែឧសភានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបរហូត ១លាន ៥សែនដូស។ ដោយឡែកខែមិថុនា មានចំនួន ៣លានដូស, ខែកក្កដា ២លានដូស, និងខែសីហា ១លានដូស។

សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង១.៨លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩៕

អត្ថបទទាក់ទង