ខ្មែរប៉ុស្ដិ៍ Close

រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលស្ថិតនៅតំបន់លឿងគឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលស្ថិតនៅតំបន់លឿងគឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញបាន រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលស្ថិតនៅតំបន់លឿងគឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញបាន

រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដើម្បីបំពេញសេចក្តីត្រូវការ។

យោងតាមការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាលនោះ រោងចក្រវិស័យកាត់ដេរ ដែលស្ថិតនៅតំបន់លឿង គឺអាចផ្តើមសកម្មភាពផលិតកម្មឡើងវិញ ដោយត្រូវប្រើប្រាស់កម្លាំងកម្មករនិយោជិតត្រឹម ៥០ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: មានប្រសាសន៍ថា អ្នកគ្រប់គ្រងរោងចក្រ ត្រូវយកថ្ងៃទី១ នៃការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ ចាប់ពីថ្ងៃទី០៦ ខែឧសភាតទៅ ដើម្បីប្រជុំកំណត់ឈ្មោះ និងចំនួនកម្មករ ៥០ភាគរយ ដែលត្រូវធ្វើការវេនដំបូង ដែលមានរយៈពេល ២សប្តាហ៍ និង៥០ភាគរយទៀត ដែលត្រូវធ្វើក្នុងវេនបន្ទាប់ដែលមានរយៈពេល ២សប្តាហ៍ដូចគ្នា។

លោកបានបញ្ជាក់ថា ការផ្តើមដំណើរការរបស់ខ្លួនឡើងវិញនេះ ម្ចាស់រោងចក្រសហគ្រាសត្រូវពិនិត្យមានដូចជា៖

  1. ស្ថានភាពអនាម័យ និងសុវត្ថិភាពនៃគ្រឿងម៉ាស៊ីនបម្រើឱ្យសង្វាក់ផលិតកម្មរបស់ខ្លួន និងប្រព័ន្ធបញ្ចេញបញ្ចូលចរន្តខ្យល់ក្នុងអគារផលិតកម្ម
  2. វិធានអនាម័យ និងសុវត្ថិភាពការងារ ដូចជាផ្តល់ម៉ាស់ឱ្យកម្មករនិយោជិតយ៉ាងតិច១ ក្នុង១ថ្ងៃ ,ការបាញ់អាល់កុលពេលចូលនិងចេញ ពីការងារ, ការបន្ថែមម៉ាស៊ីនបាញ់អាល់កុលនៅក្នុងអគារផលិតកម្ម, ការវាស់កម្ដៅ, សាប៊ូលាងដៃនៅក្នុងបន្ទប់ទឹក និងកន្លែងហូបបាយ
  3. ការបែងចែកវេនអាហារថ្ងៃត្រង់ និងលើកទឹកចិត្តឱ្យកម្មករនិយោជិតយកម្ហូបមកពីផ្ទះ
  4. ត្រៀមរំលឹកកម្មករនិយោជិតឱ្យពាក់ម៉ាស់ជានិច្ចពេលជិះរថយន្ត និងពេលធ្វើការ ព្រមទាំងរក្សាឱ្យបាននូវ គោលការណ៍ ៣កុំ ៣ការពារ។

លោកបានស្នើឱ្យរោងចក្រទាំងអស់ កុំធ្វើឱ្យការផ្តើមសកម្មភាពអាជីវកម្មឡើងវិញនេះ ទៅជាឱកាសធ្វើឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្ររបស់ខ្លួន ហើយដែលនឹងនាំឱ្យមានការបិទរោងចក្រនោះឡើងវិញដោយរដ្ឋបាលរាជធានី ឬខេត្ត។

លោកបានបញ្ជាក់ថា គ្រប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញព្រមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានគាំទ្រការផ្តើមសង្វាក់ ផលិតកម្មនៃរោងចក្រក្នុងវិស័យកាត់ដេរជាជំហានៗ ដោយផ្តើមចេញពី ៥០ភាគរយ នៃកម្លាំងកម្មករនិយោជិតសរុប និងឆ្លាស់វេនគ្នា រៀងរាល់ពេល ២សប្តាហ៍៕

អត្ថបទទាក់ទង