លោក សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការអត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ លោកលើកឡើងបែបនេះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សុខ លូ បានបន្ថែមទៀតថា ជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។
ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ លោក សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ ដែលជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង៕