ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតកូវីដទាំង៩នាក់នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះទេនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតកូវីដទាំង៩នាក់នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះទេនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតកូវីដទាំង៩នាក់នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះទេនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

អ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង៩នាក់នេះ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ-១៩។

យោតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា៖

  • បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល
  • បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)

មាត្រា១៣ បានចែងពីករណីលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ដោយបញ្ជាក់ថា៖

  • ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស (ទាំងបទគេចវេះពីការធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទមិនគោរពវិធានការរដ្ឋបាល និងបទរេរាំងដល់ការអនុវត្តវិធានការ) ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា។
  • ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះក្រុមគ្រួសារនៃបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និង

មន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា។

រដ្ឋបាលរាជធានីភ្នំពេញ បានសូមបន្តអំពាវនាវឱ្យអ្នកជំងឺទាំង១៣នាក់ មកបង្ហាញខ្លួន ឬទាក់ទងមកអាជ្ញាធរ ដើម្បីទទួលយកការព្យាបាល។ អាជ្ញាធរក៏បានអំពាវនាវ ដល់អ្នកបានស្គាល់អ្នកជំងឺទាំងនេះ ជួយរាយការណ៍ទៅអាជ្ញាធរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ-១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

អត្ថបទទាក់ទង