ខ្មែរប៉ុស្ដិ៍ Close

តុលាការសិទ្ធិមនុស្សអឺរ៉ុប – ECHR បានសម្រេចថា «កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំង» គឺមានភាពចាំបាច់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
តុលាការសិទ្ធិមនុស្សអឺរ៉ុប – ECHR បានសម្រេចថា «កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំង» គឺមានភាពចាំបាច់ តុលាការសិទ្ធិមនុស្សអឺរ៉ុប – ECHR បានសម្រេចថា «កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំង» គឺមានភាពចាំបាច់

តុលាការសិទ្ធិមនុស្សអឺរ៉ុប (European Court of Human Rights-ECHR) នៅទីក្រុង Strasbourg នៃប្រទេសបារាំងបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា៖

«ការដាក់កំហិតលើការចាក់វ៉ាក់សាំងនឹងមិនផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិមនុស្សទេ ហើយការធ្វើបែបនេះក៏ប្រហែលជានឹងចាំបាច់ផងដែរ នៅក្នុងបណ្តាសង្គមប្រជាធិបតេយ្យ»។

សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងដែលបានប្តឹងមកកាន់តុលាការ ពីសំណាក់ក្រុមគ្រួសារជនជាតិឆេកមួយចំនួនទាក់ទងនឹងការដាក់កំហិតលើការចាក់វ៉ាក់សាំងលើកុមារ។

បើទោះបីជាសេចក្តីសម្រេចនេះមិនមានជាប់ទាក់ទងដោយផ្ទាល់ជាមួយនឹងវ៉ាក់សាំង COVID-19 ក៏ដោយ ក៏អ្នកជំនាញមួយចំនួនយល់ថា «វិធានការនេះអាចនឹងជះឥទ្ធិពលដល់ដំណើរការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ជាពិសេសចំពោះអ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង COVID-19»។

លោក Nicolas Hervieu ដែលជាអ្នកជំនាញខាងផ្នែកច្បាប់នៅតុលាការ ECHR បានិយាយថា«ការសម្រេចនេះនឹងពង្រឹងលទ្ធភាពនៃការធ្វើឱ្យការចាក់វ៉ាក់សាំង ក្លាយជាកាតព្វកិច្ចនៅក្រោមស្ថានភាពនៃការរីករាលដាលនៃវីរុស COVID-19 នាពេលបច្ចុប្បន្ន»។

ការសម្រេចចិត្តនេះក៏បានបញ្ជាក់ផងដែរថា «ការដាក់កំហិតលើការចាក់វ៉ាក់សាំងនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសុខាភិបាលនៃសាធារណរដ្ឋឆេក គឺមានភាពស៊ីគ្នាទៅនឹងផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់កុមារដើម្បីការពារពួកគេពីជំងឺធ្ងន់ធ្ងរនានា»។

តុលាការបានសម្រេចថា «គោលនយោបាយ សុខភាពរបស់សាធារណរដ្ឋឆេកមិនបានរំលោភលើមាត្រាទី ៨ ស្តីពីសិទ្ធិក្នុងការគោរពជីវិតឯកជន ស្របតាមអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សនោះទេ (European Convention on Human Rights)»។

តាមច្បាប់របស់សាធារណរដ្ឋឆេក កុមារទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺចំនួន ៩ ដែលរួមមានជំងឺខាន់ស្លាក់, តេតាណូស, ក្អកមាន់, រលាកថ្លើមប្រភេទ B និងកញ្ជ្រិល។

ក្រុមគ្រួសារជនជាតិឆេកមួយចំនួនបានប្តឹងទៅកាន់តុលាការ បន្ទាប់ពីពួកគេបានរងនូវការផាកពិន័យជាប្រាក់ និងករណីខ្លះទៀតគឺកូនៗ របស់ពួកគេត្រូវបានកន្លែងថែទាំទារក (Nursery) បដិសេធ មិនទទួល ដោយសារតែក្មេងៗទាំងនោះមិនបានបំពេញកាតព្វកិច្ច ក្នុងការទទួលវ៉ាក់សាំង។

ព័ត៌មានមិនពិតទាក់ទងនឹងការរីករាលដាលនៃវីរុស COVID-19 ត្រូវបានផ្សព្វផ្សាយនៅទូទាំងទ្វីបអឺរ៉ុបដែលបានធ្វើឱ្យមនុស្សមានការសង្ស័យមកលើបញ្ហាវីរុស COVID-19 ក៏ដូចជាមកលើវ៉ាក់សាំងប្រឆាំងCOVID-19 ។

អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង (Anti-Vaxxers) បានផ្សព្វផ្សាយពីទ្រឹស្តីមួយចំនួន ពាក់ព័ន្ធនឹងមូលហេតុដែលរដ្ឋាភិបាលចង់ចាក់វ៉ាក់សាំងលើប្រជាជនរបស់ពួកគេដែលបានធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងការប្រឆាំងពីសំណាក់ប្រជាជននៅក្នុងសង្គមដែលបដិសេធមិនព្រមទទួលការចាក់វ៉ាក់សាំង ដែលជាហេតុធ្វើឱ្យគោលដៅ នៃការបង្កើតប្រព័ន្ធភាពស៊ាំទ្រង់ទ្រាយធំ មានភាពកាន់តែពិបាក។

បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការ ECHR បែប នេះក៏ដោយ ក៏បណ្តាប្រទេសនៅអឺរ៉ុប ប្រហែលជានឹងមិនបង្ខំប្រជាជនរបស់ខ្លួនឱ្យចាក់វ៉ាក់សាំងនោះទេ។ DW

អត្ថបទទាក់ទង