ខ្មែរប៉ុស្ដិ៍ Close

តំណាងប្រទេសចំនួន ៣២ រួមគ្នាផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
តំណាងប្រទេសចំនួន ៣២ រួមគ្នាផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តំណាងប្រទេសចំនួន ៣២ រួមគ្នាផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ប្រធានស្ថានតំណាងនៃប្រទេសចំនួន ៣២ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ដែលនឹងចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈកាតជូនពរដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្តចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក៕

អត្ថបទទាក់ទង