ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលបានសួរសុខទុក្ខ និងផ្តល់ជំនួយថវិកា២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា៖

«ខ្ញុំមានក្តីរំភើបក្នុងចិត្តចំពោះពាក្យពេជន៍ពោរពេញដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១»។

សម្តេចបានបន្ថែមទៀតថា៖

«ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អរបស់វៀតណាមចំពោះកម្ពុជា ក្នុងគ្រាលំបាក»។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ង្វៀង សួនហ៊្វុក បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវៀតណាម ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំនះលើវិបត្តសកលដែលពុំធ្លាប់ជួបប្រទះពីមុនមកនេះ។

ទន្ទឹងនឹងនេះ ឆ្លើយតបនឹងលិខិតរបស់នាយករដ្ឋមន្រ្តីវៀតណាម, សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីថា កម្ពុជានឹងបន្តផ្តល់ប្រព្រឹត្តកម្មលើជនបរទេសទាំងអស់រួមទាំងប្រជាជនដែលមានដើមកំណើតវៀតណាមរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដូចគ្នានឹងពលរដ្ឋកម្ពុជាំ ក្នុងកិច្ចការពារពីការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ប្រព្រឹត្តកម្មដ៏ល្អចំពោះសហគមន៍កម្ពុជា នៅវៀតណាម ក្នុងពេលវេលាដ៏លំបាកនេះផងដែរ៕ Fresh News

ខាងលើក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង