ខ្មែរប៉ុស្ដិ៍ Close

លោក ជិន ម៉ាលីន៖ ការស្រាវជ្រាវ នៃរបាយការណ៍របស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
លោក ជិន ម៉ាលីន៖ ការស្រាវជ្រាវ នៃរបាយការណ៍របស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ (Video inside) លោក ជិន ម៉ាលីន៖ ការស្រាវជ្រាវ នៃរបាយការណ៍របស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ (Video inside)

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការស្រាវជ្រាវរបស់ ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ។

ការឆ្លើយតបបែបនេះ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងក្រោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា (CamboJA) បានចេញផ្សាយរបាយការណ៍មួយ ស្ដីពី ស្ថានភាពអ្នកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ ដោយបង្ហាញថា អ្នកសារព័ត៌មានពិបាកប្រើប្រាស់សិទ្ធិស្របច្បាប់ និងសេរីភាពក្នុងការរាយការណ៍ដោយមានការចាប់ខ្លួនដោយអយុត្តិធម៌ និងការអនុវត្តក្រមព្រហ្មទណ្ឌជំនួសច្បាប់ ស្ដីពីរបបសារព័ត៌មាន។

ខេមបូចា បានអះអាងថា រយៈពេលមួយឆ្នាំមានអ្នកសារព័ត៌មាន ចំនួន៧២នាក់ រងការយាយីទាំងការចាប់ដាក់ពន្ធនាគារ និងការប្រើប្រាស់ហិង្សា ក្នុងនោះមានអ្នកសារព័ត៌មានយ៉ាងតិចចំនួន៣១នាក់ ត្រូវអាជ្ញាធរ ចាប់ឃុំខ្លួន និងមានអ្នកសារព័ត៌មាន២២នាក់ រងការវាយដំរាងកាយ ឬរងការគំរាមប្រើហិង្សាក្នុងពេលបំពេញការងារ។

លោក ជិន ម៉ាលីន បានប្រាប់ Fresh News ឱ្យដឹងថា អ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បើមិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើត្រូវទទួលខុសត្រូវតាមច្បាប់អ្វីទៅវិញ? បើអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើធ្វើច្បាប់ព្រហ្មទណ្ឌមកដើម្បីអ្វី?

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដទៃទៀតដែរ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការស្រាវជ្រាវរបស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការ លើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ»៕

អត្ថបទទាក់ទង