ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 92
អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង

អាជ្ញាធរខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន ៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាពបំពានរំលោភយកដីចម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។

អភិបាលរងខេត្ត បន្តថា បន្ទាប់ពីក្រុមការងារចម្រុះ បានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួនមានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។

នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្ត បានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោក ចាន់ ប៊ុនថុល តំណាងឱ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានា៕

អត្ថបទទាក់ទង