ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈពលរដ្ឋ៖ ចប់ហើយ សង្គ្រោះជាតិ! ( RIP! CNRP!)

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 27
ទស្សនៈពលរដ្ឋ៖ ចប់ហើយ សង្គ្រោះជាតិ! ( RIP! CNRP!) ទស្សនៈពលរដ្ឋ៖ ចប់ហើយ សង្គ្រោះជាតិ! ( RIP! CNRP!)

ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែល បានចាប់ផ្តើមកាលពីថ្ងៃទី ៣០ មេសា គឺជាសំឡេងស៊ីប្លេដែលបញ្ជាក់ថា រថភ្លើងបានចេញដំណើរហើយ។ រថភ្លើងនេះទៀតសោតចេញដំណើរដោយមានអ្នកជិះច្រើនកុះករបញ្ជៀតគ្នា ដឹកឥវ៉ាន់សំពីងសំពោង ហើយអ្នកខ្លះប្រឹងរត់យ៉ាងប្រញាប់ប្រញាល់នៅនាទីចុងក្រោយក្រែងមិនទាន់ការចេញដំណើរនឹងគេ។ រថភ្លើងនេះមានទូរបន្តកន្ទុយគ្នាយ៉ាងវែង និងបានដឹកមនុស្សគ្រប់ប្រភេទ មិនស្ងាត់ជ្រងំដូចការចង់បានរបស់អ្នកខកដំណើរ ហើយចង់ឲ្យអ្នកដទៃខកតាមខ្លួននោះឡើយ។

ការចេញដំណើរនៃរថភ្លើងឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ នៅពេលនេះក៏ជាសូរញញួរវាយក្បាលដែកគោលទៅលើក្តារមឈូសដែលដាក់តម្កល់សាកសពរបស់បក្សសង្គ្រោះជាតិដើម្បីដង្ហែរយកទៅបូជាផងដែរ។ ក្តីសង្ឃឹមដែលថា គណបក្សនេះអាចនឹងរស់រានមានជីវិតឡើងវិញហើយអាចចូលរួមការបោះឆ្នោតខាងមុខជាមួយគេឯងនោះត្រូវបានបញ្ចប់ទាំងស្រុង។ ការឃោសនាអកុសលទាំងឡាយដែលថា ការបោះឆ្នោតដែលគ្មានបក្សសង្គ្រោះជាតិចូលរួមនឹងមិនអាចធ្វើទៅកើតនោះក៏ត្រូវបាន រលាយសាបសូន្យទាំងស្រុងដែរពីព្រោះ បាត់បក្សសង្គ្រោះជាតិមួយ មានគណបក្សថ្មីៗជាច្រើនដែលចេញពីប្រភពអតីតបក្សសង្គ្រោះជាតិបានកកើតឡើងហើយចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។

នៅក្នុងបញ្ជីផ្លូវការរបស់ក្រសួងមហាផ្ទៃ មានគណបក្សនយោបាយដល់ទៅ ៤០ ឯណោះដែលបានចុះបញ្ជីត្រឹមត្រូវ ហើយយ៉ាងហោចណាស់ក៏អាចមានពាក់កណ្តាលនៃចំនួននេះដែរដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះ។ ប្រទេសតូចមួយ មានគណបក្សច្រើនដល់ម្លឹងតើអ្នកណាអាចនិយាយបានថា កម្ពុជាគ្មានប្រជាធិបតេយ្យបាននោះ។ បើមានអ្នកនិយាយដូច្នេះគឺមានតែអ្នកខកដំណើរ ហើយចង់ឲ្យគេខកតាមខ្លួនតែប៉ុណ្ណោះដែលអាចហារមាត់និយាយបែបនេះបាន។

ការចុះបញ្ជីបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានចាប់ផ្តើមពីថ្ងៃទី ៣០ មេសា និងបន្តរហូតថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០១៨ និងការកកើតឡើងគណបក្សនយោបាយថ្មីថ្មោង ក៏ដូចជាការត្រៀមខ្លួនចូលរួមដំណើរការបោះឆ្នោតរបស់គណបក្សនយោបាយចាស់វស្សាជាច្រើនទៀត គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខំឃោសនាអកុសលកុំឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោត កុំឲ្យអ្នកសង្កេតការណ៍ចូលរួមតាមដានការបោះឆ្នោត និងកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ទទួលបរាជ័យទាំងស្រុង។ ទីបំផុត ការចូលរួមនៅតែមានភាពសស្រាក់សស្រាំ និងច្រើនកុះករ និងច្រើនជាងឆ្នាំ ២០១៣ ទៅទៀត។

នេះក៏សបញ្ជាក់ឲ្យឃើញដែរថា ការអំពាវនាវខុសច្បាប់ និងបំពានសិទ្ធិរបស់បក្សនយោបាយ ក៏ដូចជាបំពានសិទ្ធិរបស់ពលរដ្ឋ មិនទទួល បានការគាំទ្រឡើយ។ ការប៉ុន ប៉ងពន្យារពេលបោះឆ្នោត និង និងកិច្ចខិតខំប្រឹងប្រែងឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលបក្សកាន់អំណាចក៏សាបរលាបគ្មានឥទ្ធិពលសូម្បីតែបន្តិច។

ឥឡូវនេះជាពេលវេលាដែលក្រសែភ្នែកទាំងសហគមន៍ជាតិ និងអន្តរជាតិ កំពុងតាមដានមើល យ៉ាងយកចិត្តទុកដាក់អំពីការលូតលាស់នៃដំណើរ ប្រជាធិបតេយ្យ ឈរលើនីតិរដ្ឋ របស់កម្ពុជាក្រោយពីបក្សសង្គ្រោះជាតិរលាយបាត់ទៅ។ មិនដូចការឃោសនារបស់លោក សម រង្ស៊ី ឯណា ការរលាយបក្សសង្គ្រោះជាតិមិនបានបង្កបញ្ហាអ្វីទាល់តែសោះដល់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ផ្ទុយទៅវិញ អវត្តមានរបស់គណបក្សមួយនេះធ្វើឲ្យប្រជាធិបតេយ្យរឹតតែមានលក្ខណៈសម្បូរបែប រីឯស្ថានភាពទូទៅមានសភាព ស្ងប់ស្ងាត់ ធ្វើឲ្យពលរដ្ឋទូទៅ មានភាពកក់ក្តៅ។ ទីផ្សារអចលនទ្រព្យហក់ឡើង សំណង់នៅតែដំណើរការយ៉ាង ព្រោងព្រាត ទេសចរអន្តរជាតិ បន្តកើនឡើង មុខជំនួញគ្រប់ប្រភេទដំណើរការទៅមុខកាន់តែល្អ ប្រជាពលរដ្ឋចេញដើរកម្សាន្តសប្បាយកាន់តែច្រើនជាងមុនកាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅនេះ។ ទាំងអស់បណ្តាល មកពីពួកគេមានទំនុកចិត្តលើសន្តិភាព និងស្ថិរភាព នយោបាយនៅក្នុងប្រទេសខ្លាំងជាងមុនដោយសារតែគ្មានអ្នកក្រឡុកស្ថានការណ៍ដូចមុនទៀតឡើយ។

បើអ្វីៗក៏ល្អប្រសើរបែបនេះ តើឲ្យពលរដ្ឋខ្មែរ និងឲ្យសហគមន៍អន្តរជាតិ ជឿលើការឃោសនារបស់ពួកអ្នកខកដំណើរម្តេចនឹងកើត? ពួកគេគ្មានជម្រើសអ្វីក្រៅតែពីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងធ្វើដំណើរទៅមុខយ៉ាងល្អនៅលើវិថីនៃនីតិរដ្ឋ និងឈរលើមូលដ្ឋាន សុខសន្តិភាព ស្ថិរភាពសង្គមដែលមានសព្វថ្ងៃនេះឡើយ។ ចំណែកឯខ្មោចគណបក្សសង្គ្រោះជាតិមិនអាច រស់ឡើងវិញបានជាដាច់ខាត ហើយអ្នកចិញ្ចឹមចិត្តនៅសង្ឃឹមលើពាក្យឃោសនា លួងចិត្តរបស់លោក សម រង្ស៊ី កាន់តែមានចំនួនថយចុះតិចទៅៗជាលំដាប់។

ជាក់ស្តែង ការកកើតឡើងនូវគណបក្សនយោបាយថ្មីថ្មោងដែលចេញពីប្រភពអតីតគណបក្សសង្គ្រោះជាតិជាពិសេសក្រុមយុវជនគឺជាឧទាហរណ៍ដែលបង្ហាញពីក្តីអស់សង្ឃឹមរបស់ពួកគេទៅលើមេដឹកនាំដែលអស់ក្រឡាដើរដូចលោក សម រង្ស៊ី និងបក្ខពួកនោះឡើយ។ ទីបំផុត នៅសល់តែលោក សម រង្ស៊ី និងមនុស្សជំនិតមួយដំបរស្វាប៉ុណ្ណោះដែលនៅបន្តធ្វើព្យុះភ្លៀង តែវាគ្រាន់តែជាព្យុះក្នុងកែវតែប៉ុណ្ណោះ។

ចំណែកអតីតអ្នកធ្លាប់គាំទ្រផ្សេងទៀតគណបក្សថ្មីៗស្ទើរអស់ទៅហើយពីព្រោះពួកគេដឹងច្បាស់ណាស់ថា គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញដូចលោក សម រង្ស៊ី ឃោសនានោះឡើយ។ អ្នក ទាំងនោះមានភាពវៃឆ្លាតជាងអតីមេរបស់ខ្លួន ដោយពួកគេមានសមត្ថភាពវាយតម្លៃ សភាពការណ៍នយោបាយច្បាស់ជាងលោក សម រង្ស៊ី និងមន្ត្រីមួយក្តាប់តូចនៅជុំវិញខ្លួន។

ពេលនេះដែកគោលត្រូវបានវាយលើក្តារមឈូសទៅហើយ ដូច្នេះសល់តែសំឡេងខ្លងខែកដង្ហែរ សាកសពបក្សសង្គ្រោះជាតិ ដែលស្អុយរលួយអស់ទៅហើយនោះទៅបូជាតែប៉ុណ្ណោះ។ គ្មានអ្នកណាសូម្បីតែម្នាក់ឡើយ សូម្បីសម រង្ស៊ី ខ្លួនឯងក៏គ្មានសង្ឃឹមថាអាចប្រោសគណបក្សនេះឲ្យរស់ឡើងវិញបានដែរ។ ចប់ហើយសង្គ្រោះជាតិ! ( RIP! CNRP)!!!!

ដោយ កូនខ្មែរ

អត្ថបទទាក់ទង