ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំត្រួតពិនិត្យលើគម្រោងស្នើសុំធ្វើច្រាំងទន្លេ និងការបូមដីកោះដុះថ្មី ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើការសិក្សាគម្រោងស្នើសុំរបស់ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក ក្នុងការធ្វើច្រាំងទន្លេ និងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ ព្រមទាំងបំពេញតម្រូវការលើគម្រោងអភិវឌ្ឍនៅផ្នែកខាងក្រោម។

ក្នុងឱកាសនោះ អភិបាលខេត្តបានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ តែងតែជួបប្រទះនឹងការបាក់-ស្រុតច្រាំងទន្លេជារឿយៗ ដោយសារដីដុះកោះថ្មី និងការប្រែប្រួលនៃលំហូរចរន្តទឹកក្នុងទន្លេ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ។

លោក បានបន្តទៀតថា ដោយមើលឃើញពីទុក្ខលំបាកអំពីបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខេត្តបានធ្វើសំណើសុំទៅប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍដែលជាក្រុមហ៊ុនឯកជន មកសិក្សាគម្រោងធ្វើច្រាំទន្លេ ដែលមានការបាក់-ស្រុតខ្លាំងឡើងវិញ។

ពេលនេះក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក បានសហការជាមួយក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ដែលមានអភិបាលរងខេត្តមួយរូបជាប្រធាន បានចុះសិក្សាចំណុចច្រាំងទន្លេដែលបាក់-ស្រុតប្រវែង២០០០ម៉ែត្រ ក្នុងនោះនៅឃុំឬស្សីស្រុក១០០០ម៉ែត្រ, ឃុំកោះអណ្តែត៥០០ម៉ែត្រ ស្ថិតក្នុងស្រុកស្រីសន្ធរ និង នៅឃុំសូរគងស្ថិតក្នុងស្រុកកងមាសប្រវែង៥០០ម៉ែត្រ។ ចំពោះក្រុមហ៊ុនបានស្នើសុំធ្វើការបូមយកដីកោះដុះថ្មីនៅតំបន់កោះតូច និងបូមដីដុះសម្រួល ចរន្តទឹកហូរក្នុងទន្លេ ដើម្បីបញ្ជៀសទឹកហូរបុកបាក់-ស្រុតច្រាំងទន្លេ យកទៅបំពេញតម្រូវការអភិវឌ្ឍនៅតំបន់ខាងក្រោម ព្រមទាំងលើកគម្រោងការបូមខ្សាច់ធ្វើបាវ Geotextile ទប់ច្រាំងទន្លេការពារការបាក់-ស្រុតប្រវែង២០០០ម៉ែត្រ។

បន្ទាប់ពីការចូលរួមមតិយោបល់របស់អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធរួចមក អភិបាលខេត្តបានសម្រេច ចាត់ឱ្យលោកអភិបាលស្រុកស្រីសន្ធរ និងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះធ្វើវេទិកាសាធារណៈ ពន្យល់អំពីផ្លូវច្បាប់ និងការសិក្សាធ្វើច្រាំងទន្លេ ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ នៅឃុំកោះអណ្តែត ដែលមានប្រជាពលរដ្ឋមកអាស្រ័យផលលើដីកោះដុះថ្មី នៅតំបន់កោះតូច នៅដើមសប្តាហ៍ក្រោយ ហើយធ្វើរបាយការណ៍បូកសរុបមករដ្ឋបាលខេត្តវិញ សម្រាប់ជាមូលដ្ឋានក្នុងការឆ្លើយតបទៅតាមសំណើររបស់ក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធអោយបានជ្រាប៕

អត្ថបទទាក់ទង