ជប៉ុនផ្តល់ថវិកាជាង៤៨ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់គម្រោង អភិវឌ្ឍន៍មូលដ្ឋាននៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ៤៨៣.២០៤ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតា ណុល ការសាងសង់អគារសម្ភព និងអគារផ្នែកអ្នកជំងឺសម្រាកពេទ្យ ការផ្តល់រថយន្តគ្លីនិកចល័តសម្រាប់កុមារពិការ និងការបំពាក់បរិក្ខារវេជ្ជសាស្ត្រ។
ថវិកាទាំងនេះ ត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គភាពទទួលជំនួយចំនួនប្រាំ ដែលធ្វើការអនុវត្តកម្មវិធីនានានៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង តាមរយៈការផ្លាស់ប្តូរកិច្ចសន្យាតាមប្រៃសណីយ៍ ដោយមិនមានការប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។
ឯកឧត្តម បានឱ្យដឹងថា គម្រោងទី១ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន១៦៩.៧៥០ដុល្លារដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតា ណុល ដែលអាចប្រែក្លាយកំប្លោកទៅជាជីវអេតាណុល។ គម្រោងនេះនឹងលើកកម្ពស់ការយកចេញកំប្លោកដែលគេមិនត្រូវការ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការប្រើប្រាស់បឹងនៅតំបន់នោះ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអ្នកនេសាទក្នុងស្រុក និងការពារប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។
គម្រោងទី២ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន៨៩.១៣៨ដុល្លារ ដល់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ដើម្បីធានាបាននូវបរិស្ថានសម្រាលដែលមានសុវត្ថិភាព និងសមរម្យជាងមុន។
គម្រោងទី៣ មានទឹកប្រាក់៨៩.៣៦៩ដុល្លារ ដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ សម្រាប់ការសាងសង់អគារផ្នែកអ្នកជំងឺសម្រាកពេទ្យមួយកន្លែង និងការតម្លើងគ្រែចំនួន១០ នៅក្នុងមណ្ឌលសុខភាពឆែប ខេត្តព្រះវិហារ ដើម្បីធានាបាន នូវសេវាសុខាភិបាលសមរម្យ។
គម្រោងទី៤ មានទឹកប្រាក់៤៥.៧៤៥ដុល្លារ ផ្តល់ដល់អង្គការសេហ្វហេវិន សម្រាប់ការតម្លើងរថយន្តសម្រាប់គ្លីនិកស្តារនីតិសម្បទាចល័ត នៅតំបន់ដាច់ស្រយាល នានាក្នុងខេត្តសៀមរាប ដើម្បីភាពល្អប្រសើរសម្រាប់កុមារពិការប្រមាណ២៣០នាក់។
គម្រោងទី៥ នឹងផ្តល់ដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ដែលមានថវិកាចំនួន៨៩.២០២ដុល្លារ សម្រាប់ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដល់អ្នកជំងឺ។
ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តគម្រោងគូសាណូណិនៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងនានា។
នៅក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណងគូសាណូណិ ក្នុងការកែលម្អគុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជា៕