ខ្មែរប៉ុស្ដិ៍ Close

មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) ខុសគ្នាដូចម្ដេច?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ នគរគំនិត 618
មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) ខុសគ្នាដូចម្ដេច? មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) ខុសគ្នាដូចម្ដេច?

មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) សុទ្ធតែជាឧបករណ៍សម្រាប់ក្រុមហ៊ុន រដ្ឋាភិបាល ប្រើដើម្បីលក់ ឬខ្ចី ក្នុងគោលដៅកៀងគរទុនដើម្បីពង្រីកសកម្មភាពអាជីវកម្ម ឬពង្រីកប្រតិបត្ដិការរបស់ខ្លួន ដូចជាការពង្រីកសាខាជាដើម។

មូលបត្រកម្មសិទ្ធិ(Stocks)

មូលបត្រកម្មសិទ្ធិ(Stocks) បើនិយាយឲ្យខ្លី គឺវាតំណាងឲ្យភាពជាម្ចាស់ទ្រព្យ។ ភាពជាម្ចាស់ដូចម្ដេច? នៅពេលដែលក្រុមហ៊ុនមួយដល់ដំណាក់កាលត្រូវពង្រីកខ្លួន ឬត្រូវការទុនបន្ថែមដើម្បីប្រើប្រាស់ក្នុងគម្រោងថ្មី នោះពួកគេនឹងធ្វើការសិក្សាពីលទ្ធភាពក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិដើម្បីលក់ទៅឲ្យសាធារណៈជន ក្នុងគោលដៅយកប្រាក់ពីសាធារណៈជនមកប្រើប្រាស់។ នៅពេលដែលក្រុមហ៊ុនកំណត់ចំនួនហ៊ុនដែលត្រូវបោះលក់ហើយ នោះពួកគេនឹងយកហ៊ុនទៅដាក់លក់ក្នុងទីផ្សារហ៊ុន ឬទីផ្សារបើកចំហ នៅក្នុងប្រតិបត្ដិការមួយដែល គេហៅថា IPO (Initial Public Offering)។

ការដាក់លក់ ភាគហ៊ុន នេះ វាហាក់ដូចជា លក់ចំណែកមួយនៃក្រុមហ៊ុនទៅឲ្យនរណាម្នាក់ ជាថ្នូរនឹងការទទួលបានប្រាក់របស់គេយកមកប្រើប្រាស់។ ដូច្នេះអ្នកដែលទិញបានហ៊ុនពីក្រុមហ៊ុននោះ ពួកគេមានសិទ្ធិនៅក្នុងការសម្រេចចិត្តនានាដែលពាក់ព័ន្ធនឹងអនាគតរបស់ក្រុមហ៊ុន ហើយសិទ្ធិសម្រេចចិត្តរបស់ពួកគេគឺអាស្រ័យលើចំនួនហ៊ុន(shares) ដែលពួកគេមាន ពោលគឺអ្នកមានច្រើន គឺមានសិទ្ធិសម្រេចធំ។ ប៉ុន្ដែ សិទ្ធិសម្រេចនេះ អ្នកអាចទទួលបាន លុះត្រាតែអ្នកទិញភាគហ៊ុនប្រភេទធម្មតា (Common Stock) ដោយហេតុថា ភាគហ៊ុនមានពីរប្រភេទដែលគេចូលចិត្ដដាក់លក់ គឺភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា(Preferred Stock) ដែលអ្នកទិញមានភាពជាម្ចាស់ដែរ ប៉ុន្ដែគ្មានសិទ្ធិបោះឆ្នោត។

ជារួមអ្នកទិញភាគហ៊ុន នឹងទទួលបានភាគលាភមកវិញអាស្រ័យលើចំនួនហ៊ុនដែលមានក្នុងដៃ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពជាម្ចាស់លើទ្រព្យសម្បត្ដិទាំងអស់របស់ក្រុមហ៊ុនដែលបានទិញនោះ ទទួលគ្រប់ហានិភ័យទាំងអស់ ពោលបើក្រុមហ៊ុនខាត នោះយើងក៏ខាត បើក្រុមហ៊ុនចំណេញយើងក៏ចំណេញ។ តម្លៃរបស់ភាគហ៊ុន គឺពឹងផ្អែកលើតម្រូវ និងការផ្គត់ផ្គង់ និងការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់។

មូលបត្របំណុល(Bonds)

មូលបត្របំណុល(Bonds) បើនិយាយឲ្យខ្លី គឺវាតំណាងឲ្យភាពជាម្ចាស់បំណុល។ វាហាក់ជារឿងមួយដែលផ្សេងពី ភាគហ៊ុន(stocks) បន្ដិច។ ខុសគ្នាដោយហេតុថា មួយបង្ហាញពីភាពជាម្ចាស់ទ្រព្យ ហើយមួយទៀតបង្ហាញពីភាពជាម្ចាស់បំណុល។ នៅពេលដែលក្រុមហ៊ុន ត្រូវការប្រាក់បន្ទាន់ ឬត្រូវបង្វិល ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាត នោះពួកគេនឹងសម្រេចចិត្តបោះផ្សាយបណ្ណបំណុលដើម្បីលក់។ លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនដូចគ្នា ប៉ុន្ដែវាមានការកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះ។ វាប្រៀបដូចជាយើងខ្ចីប្រាក់ពីធនាគារអញ្ចឹង យើងត្រូវឲ្យអត្រាការប្រាក់គេជារៀងរាល់ខែ ឬត្រីមាស។

សម្រាប់អ្នកដែលបានទិញបណ្ណបំណុលនេះ ពួកគេនឹងទទួលបានអត្រាការប្រាក់ថេរមួយ ដែលអាស្រ័យលើចំនួនដែលបានកំណត់។ នៅក្នុងការកាន់កាប់បណ្ណបំណុលនេះគឺមានរយៈពេលកំណត់ ពោលគឺនៅពេលដែលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាកបន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល គ្មានហានិភ័យ។ អ្នកក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ។ ឧទាហរណ៍ថា អ្នកទិញបណ្ណបំណុលមួយសន្លឹកតម្លៃ ១០០$ អត្រាការប្រាក់១០%ក្នុង១ឆ្នាំ នោះក្នុង១ឆ្នាំអ្នកទទួលបានអត្រាការប្រាក់១០$។

សម្រាប់តម្លៃ នៃបណ្ណបំណុលអាចមានការប្រែប្រួល អាស្រ័យលើអត្រាការប្រាក់នៅលើទីផ្សារ។ ឧទាហរណ៍ថា ធនាគារផ្ដល់អត្រាការប្រាក់១២% ក្នុង១ឆ្នាំ ហើយបណ្ណបំណុលឲ្យអត្រាការប្រាក់១០% ក្នុងមួយឆ្នាំ ដូច្នេះ អ្នកប្រាកដជាយកប្រាក់របស់អ្នកដាក់ក្នុងធនាគារហើយ ព្រោះវាផ្ដល់អត្រាការប្រាក់ច្រើនជាងការទិញបណ្ណបំណុល ដែលធ្វើឲ្យបណ្ណបំណុលមានការធ្លាក់ថ្លៃ។

ជារួមមក បើអ្នកជាមនុស្សដែលមិនសូវជាចូលចិត្ដប្រថុយនឹងហានិភ័យ អ្នកគួរតែវិនិយោគលើ ការទិញបណ្ណបំណុល ព្រោះវាមានហានិភ័យទាប។ ប៉ុន្ដែ ហានិភ័យទាប អ្នកក៏ទទួលបានតិចដែរ “High Risk High Return” ។ ចំណែកឯការលក់ភាគហ៊ុន ឬបោះបណ្ណបំណុលលក់ គឺតែងធ្វើឡើងក្នុងគោលបំណងដូចគ្នា ពោលគឺដើម្បីកៀងគរទុនបន្ថែមមកពង្រីកអាជីវកម្ម ប៉ុន្ដែខុសត្រង់វិធីសាស្ត្រនៃការធ្វើ និងតាមការយល់ឃើញរបស់ម្ចាស់សហគ្រាសក្នុងកាសម្រេចចិត្ដ និងពេញចិត្ដ៕

អត្ថបទដោយ៖ ឡាយ​ ឧត្ដម