មន្ទីរពេទ្យកុមារជាតិ ប្រកាសពីការបិទការចាក់ Sinopharm ដូសទី១ ប៉ុន្តែនៅបន្តចាក់ជូនសម្រាប់អ្នកដែលត្រូវចាក់ដូសទី២
មន្ទីរពេទ្យកុមារជាតិ បានជូនដំណឹងអំពីការផ្អាកការចាក់វ៉ាក់សាំង Sinopharm ដូសទី១ សម្រាប់ក្រុមដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ប៉ុន្តែបន្តចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ រួចហើយ។
បើតាមអ្នករាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានទៅចាក់វ៉ាក់សាំង Sinopharm សម្រាប់ដូសទី២ នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិបានបិទសេចក្តីប្រកាសហើយពីការផ្អាកការផ្តល់ជូនវ៉ាក់សាំង Sinopharm សម្រាប់ក្រុមមនុស្សអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ដូសទី១ រហូតដល់មានការជូនដំណឹងជាថ្មីពីក្រសួងសុខាភិបាល។
ដោយឡែក នៅព្រឹកនេះផងដែរ ប្រជាពលរដ្ឋដែលមានអាយុលើសពី៦០ឆ្នាំ មានទាំងជនបរទេសផងដែរ បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី១ នៅមន្ទីរពេទ្យកុមារជាតិយ៉ាងច្រើនកុះករ។
គួររម្លឹកថា វ៉ាក់សាំង Sinopharm ចំនួន ៦០០ ០០០ដូស ដែលជាជំនួយរបស់មិត្តចិន ក្នុងនោះ ៣០០ ០០០ដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០០ ០០០ដូសទៀត សម្រាប់ក្រសួងការពារជាតិ ជាជំហានដំបូងក្នុងចំនួន ១លានដូស បានមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយវ៉ាក់សាំងដែលនៅសល់ចំនួន ៤០០ ០០០ដូស នឹងអាចមកដល់ក្នុងអំឡុងខែមេសាខាងមុខនេះ។ ដោយឡែក វ៉ាក់សាំង AstraZeneca ចំនួន ៣២៤ ០០០ដូស ដែលកម្ពុជាទទួលបានពីយន្តការកូវ៉ាក់ (COVAX Facility) នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បាន និងកំពុងចាក់ជូនក្រុមមនុស្ស អាយុ៦០ឆ្នាំឡើងទៅ ៕