ខ្មែរប៉ុស្ដិ៍ Close

វិធីដែលប្រទេសមួយចំនួនកំពុងប្រើប្រាស់បញ្ហា COVID-19 ដើម្បីពង្រឹងអំណាចទន់របស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 35
វិធីដែលប្រទេសមួយចំនួនកំពុងប្រើប្រាស់បញ្ហា COVID-19 ដើម្បីពង្រឹងអំណាចទន់របស់ខ្លួន វិធីដែលប្រទេសមួយចំនួនកំពុងប្រើប្រាស់បញ្ហា COVID-19 ដើម្បីពង្រឹងអំណាចទន់របស់ខ្លួន

វីរុសរាតត្បាត COVID-19 បានបណ្តាលឱ្យកើតមាននូវពាក្យពេចន៍ថ្មីៗជាច្រើន ដូចជា «ការទូតវ៉ាក់សាំង» ដែលបណ្តាប្រទេសមួយចំនួនបាននិងកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេ ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុង
តំបន់ និងដើម្បីបង្កើនអំណាចនិងមុខមាត់អន្តរជាតិរបស់ពួកគេ។

«នៅដើមខែកុម្ភៈវ៉ាក់សាំង Sinopharm របស់ចិនចំនួនកន្លះលានដូស បានដឹកជញ្ជូនទៅដល់ប្រទេសប៉ាគីស្ថាន និងក្រោយមកបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ១៣ ផ្សេងទៀត ដែលរួមមានទាំងកម្ពុជា, នេប៉ាល់, Sierra Leone និងហ្ស៊ីមបាវេ»។

អគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថានបាន ប្រកាសវាថាជា «សក្ខីភាពនៃភាពជាបងប្អូន» ហើយរដ្ឋាភិបាលបាគីស្ថានក៏បានបន្ទរនូវការលើកឡើងនេះផងដែរ។

ប្រទេសរុស្ស៊ីក៏បាន ប្រើប្រាស់វ៉ាក់សាំង Sputnik V របស់ខ្លួន ដើម្បីបង្កើនមិត្ត និងដើម្បីបង្កើនការគាំទ្រ តាមរយៈការផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសដែលមិនមានលទ្ធភាពចាប់ផ្តើមកម្មវិធីចាកវ៉ាក់សាំង។

ប្រទេសឥណ្ឌាក៏បាននិងកំពុងផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca/Oxford ដែលផលិតនៅក្នុងប្រទេស ទៅដល់បណ្តាប្រទេសជិតខាង ដូចជា បង់ក្លាដែស, មីយ៉ាន់ម៉ា និងនេប៉ាល់ ដែលមិនត្រឹមតែបានជួយបង្កើនមុខមាត់របស់ឥណ្ឌាក្នុងនាមជាអ្នកផ្គត់ផ្គងវ៉ាក់សាំងដែលមានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនផងដែរ ដែលកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។

ទន្ទឹមនោះដែរ ប្រទេសអ៊ីស្រាអែល ក៏បានយល់ព្រមទិញវ៉ាក់សាំងរបស់រុស្ស៊ី ដើម្បីបញ្ជូនទៅកាន់រដ្ឋាភិបាលស៊ីរី ដែលនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោស។

កាទូតវ៉ាក់សាំងក៏មានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញទំនុកចិត្ត និងសក្តិសិទ្ធភាពរបស់គូប្រជែងផងដែរ។

ប្រទេសចិននិង រុស្ស៊ីបានរងនូវការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអឺរ៉ុបនិងអាមេរិកខាងជើងអំពីការប្រើយុទ្ធនាការព័ត៌មានមិនពិតដើម្បីបំផ្លាញទំនុកចិត្តលើវ៉ាក់សាំង ដែលផលិតនៅក្នុងតំបន់ទាំងនោះ។

ហើយរុស្ស៊ីក៏បានបញ្ជូនវ៉ាក់សាំង Sputnik V របស់ខ្លួនទៅកាន់ប្រទេសហុងគ្រី ដែលត្រូវបានមនុស្សមួយចំនួនចាត់ទុកជាការបំផ្លាញដល់ឯកភាព និងមុខមាត់របស់សហភាពអឺរ៉ុប។

អឺរ៉ុបនិងអាមេរិកខាងជើងមានភាពយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំងទៅឱ្យបណ្តាប្រទេសនិងតំបន់ក្រីក្រ។ ការអំពាវនាវរបស់មេដឹកនាំដូចជាប្រធានាធិបតីបារាំង ក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រនិងការសន្យាពីអង់គ្លេសក្នុងការចែករំលែកវ៉ាក់សាំងទើបតែកើត មាននៅក្នុងពេលប៉ុន្មានថ្ងៃនេះតែប៉ុណ្ណោះ។

ប្រទេសមួយចំនួននៅលោកខាងលិចមានការសង្ស័យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ចិននិងរុស្ស៊ី និងបានចាត់ទុកពួកគេជា «អ្នកឆ្លៀតឱកាសដើម្បីទាញយកផលប្រយោជន៍ផ្នែកការទូត»

អ្នកអាចទទួលបាន វ៉ាក់សាំង ក៏ប៉ុន្តែអ្នកក៏នឹងត្រូវទទួលរងនូវការខាតបង់ផងដែរ។ សូម្បីតែបណ្តាប្រទេសលោកខាងលិច ក៏តែងតែផ្តល់ជំនួយដោយមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ ដែលជារឿយៗតែងតែមានជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ការឆ្លើយតបទៅនឹងវីរុសបានបង្កអោយមានការរង្គោះរង្គើដល់អំណាច និងកាទូតពិភពលោកតាំងពីពេលដំបូងមកម្ល៉េះ ដោយរាប់ចាប់ពីរឿងដែលរដ្ឋបាលលោកត្រាំ ហៅវីរុស COVID-19 ថា ជា «វីរុសចិន» ដើម្បី បង្កើនការប្រកួតប្រជែងសេដ្ឋកិច្ចនិងនយោបាយជាមួយប្រទេសចិន និងការខិតខំរបស់ចិនក្នុងការប្រើប្រាស់ភាពជោគជ័យរបស់ខ្លួនលើការគ្រប់គ្រងលើវីរុសដើម្បីបង្កើនភាពស្របច្បាប់ចំពោះវិធានការតឹងរ៉ឹងនិងការ បង្ក្រាបលើសេរីភាព សង្គម និងនយោបាយ។

ការប្រយុទ្ធប្រឆាំងនឹងជំងឺត្រូវបានគេប្រើជាយូរមកហើយដើម្បីពង្រឹងអំណាចទន់និងដើម្បីបង្កើតមិត្តថ្មីៗ។

តាមពិត ការប្រកួតប្រជែងរបស់បណ្តាប្រទេសមហាអំណាច ដើម្បីទទួលបានឥទ្ធិពលតាមរយៈវ៉ាក់សាំង ពេលខ្លះក៏មានលក្ខណៈវិជ្ជមានផងដែរ ដូចជាភាពជោគជ័យនៅក្នុងយុទ្ធនាការលុបបំបាត់ជំងឺ «អុតធំ-Smallpox» ដែលកើតចេញពីការប្រកួតប្រជែងរវាងសហភាពសូវៀតនិងអាមេរិក។

នៅក្នុងការឆ្លើយតបទៅនឹងជម្ងឺ SARS នៅឆ្នាំ២០០២ ប្រទេសចិនបានផ្តល់ជំនួយ និងការគាំទ្រដល់ប្រទេសដែលរងផលប៉ះពាល់ ដើម្បីបង្កើនមុខមាត់របស់ខ្លួននៅក្នុងពិភពលោក។ ប្រទេសចិនក៏បានផ្តល់ជំនួយដល់តៃវ៉ាន់ផងដែរ ដែលនេះបានដើរផ្ទុយទាំងស្រុងពីទំនាក់ទំនងដ៏តានតឹងរវាងចិនជាមួយនិងតៃវ៉ាន់នៅក្នុងស្ថានភាពនៃការរាតត្បាតនៃវីរុស COVID-19 នាពេលនេះ។

ការជួយជ្រោមជ្រែងបែបនេះត្រូវបានធ្វើឡើងក្រោមគោលបំណងចង់បានឥទ្ធិពលអំណាចទន់ ហើយការយកបញ្ហាសុខភាពពិភពលោកមកធ្វើជាឈុតឆាកថ្មីដើម្បីប្រកួតប្រជែងអំណាចនៅក្នុងពិភពលោកនឹងបង្កក្តីបារម្ភដល់យើងទាំងអស់គ្នា។

កាលពីអតីតកាល រាល់ការប្រកួតប្រជែងគ្នាតែងតែមានលក្ខណៈជាកិច្ចសហប្រតិបត្តិការរវាងគ្នា។ ការឆ្លើយតបរបស់ពិភពលោកចំពោះវីរុស COVID-19 នាពេលកន្លងមកនេះមិនមានលក្ខណៈសហប្រតិបត្តិការនោះទេ និងបានបង្ហាញអំពីភាពប្រេះឆារគ្នាកាន់តែខ្លាំងតាមរយៈការស្តីបន្ទោសគ្នា ឬការមិនទុកចិត្តគ្នា។

ភាពស្មុគស្មាញនៃបញ្ហាសុខភាពពិភពលោក និងសេចក្តីត្រូវការរបស់មនុស្សរាប់ពាន់លាននាក់ទាមទារឱ្យមានការឆ្លើយតបជាសកលដ៏ពិតប្រាកដ។

ថាតើការឆ្លើយតបលើវីរុស COVID-19 នឹងបង្កឱ្យមានភាពជាដៃគូកាន់តែស្មើភាពគ្នានៅក្នុងវិស័យសុខភាព ឬក៏នឹងជួយពង្រឹងដល់រូបភាពដ៏អាក្រក់បំផុត ដូចដែលបានកើតឡើងនៅក្នុងពេលមួយឆ្នាំកន្លងទៅនេះ នឹងមិនត្រឹមតែបង្កនូវផលប៉ះពាល់ដល់ការរាតត្បាតនៃវីរុស COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កផលប៉ះពាល់ដល់ការរាតត្បាតនៃវីរុសដទៃទៀតដែលអាចកើតមាននាពេលអនាគត និងដែលអាចបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដល់សុខភាពពិភពលោក៕ Asia Times

អត្ថបទទាក់ទង