ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
កម្ពុជារៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ កម្ពុជារៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ

កម្ពុជារៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ ខណៈគម្រោងអភិវឌ្ឍន៍ និងពង្រីកផ្លូវជាច្រើនមានភាពយឺតយ៉ាវដោយសារមានសំណង់រំលោភលើដីផ្លូវសាធារណៈ និងត្រូវចំណាយលុយរាប់លានដុល្លារក្នុងការដោះស្រាយសំណងដល់ប្រជាពលរដ្ឋ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវ ថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាម បណ្ដាញផ្លូវ ក៏ដូចជាកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ ជាងនេះទៅទៀត ក៏មានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោកបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ បានកំណត់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុងការ គ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវ រថភ្លើង ដើម្បីបម្រើផល ប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនមានដូចជា៖ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ លេខ៤៨ លេខ៧១សេ និងលេខ៧ (ស្គន់-កំពង់ចាម និងកំពង់ចាម- ត្រពាំងផ្លុង)ពីប្រភេទផ្លូវក្រាលកៅស៊ូ២ ជាន់ (DBST)ទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC), ជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវ ល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២, បញ្ចប់ការ ចរចា និងរៀបចំកិច្ចព្រមព្រៀងសម្បទាន សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត, សិក្សា និងរៀបចំបំពាក់បន្ថែមនូវបរិក្ខារសុវត្ថិភាពចរាចរណ៍ និងរៀបចំបំពាក់កាមេរ៉ាចាប់ល្បឿននៅតាមផ្លូវជាតិ ផ្លូវខេត្ត និងតំបន់ទីប្រជុំជន ជាដើម៕

អត្ថបទទាក់ទង