ខ្មែរប៉ុស្ដិ៍ Close

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដើម្បីផ្សព្វផ្សាយ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដើម្បីផ្សព្វផ្សាយ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩» ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដើម្បីផ្សព្វផ្សាយ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩»

ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានប្រារព្វពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយសាលិខិតលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងចុះសួរសុខទុក្ខ នាំយកកញ្ចប់ឃីត មាតា ទារក ផ្តល់ជូនស្ត្រីដែលមានកូនតូចអាយុពី១-២ ឆ្នាំ ស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន៦០នាក់ នៅមន្ទីរពេទ្យបង្អែក រមាសហែក ក្នុងគោលបំណងដើម្បីដាស់តឿន លើកទឹកចិត្តឱ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមគ្រូពេទ្យ បានធ្វើការផ្សព្វផ្សាយស្តីពីស្ថានភាពសារប្រយោជន៍នៃការ មកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល និងសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានគូសបញ្ជាក់ ពីអត្ថប្រយោជន៍ និងសារសំខាន់ដែលអង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើម ថ្នាក់ជាតិ ជូនលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការការពារប្រជាជន និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាន និរន្តរភាពការងារ របស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច ។ល។

ជាមួយគ្នានេះ លោកស្រី ដួង វណ្ណា បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងមន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ចូលរួមអនុវត្តតាមអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី»

ក្នុងពិធីនោះដែរក្រុមការងារ ក៏បាននាំយកអំណោយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន៖

  • ស្ត្រីក្នុងវ័យបន្តពូជចំនួន ១០នាក់ ក្នុង ១នាក់ទទួលបានសារុង ១ ក្រម៉ា ១ សាប៊ូ ១ ជែលលាងដៃ ១ ដប ម៉ាស ១០បន្ទះ ថវិកា ៥០,០០០ រៀល។
  • ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចពី ១-២ ឆ្នាំ ចំនួន ៥០ នាក់ ១ នាក់ ទទួលបានសារុង ១ ភួយ ១ ក្រម៉ា ១ ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គីឡូក្រាម សាប៊ូលាងដៃ ២ ដុំ ជែលលាងដៃ ១ ដប ម៉ាស ១០ បន្ទះ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្ស៉ៅ កូនក្មេង ១ ដប ថវិកា ៥០,០០០ រៀល។

ដោយឡែក ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ចំនួន ២៥នាក់ ក្នុង១ នាក់ទទួលបានបន្ថែម មួកទារក ១ អាវទារក ២ ស្រោមដៃ ស្រោមជើងទារក ១ កំប្លេ និងក្រណាត់ត្រីកោណទារក ១ ដុំ។

ក្នុងឱកាសនោះលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៥ នាក់ ក្នុង១នាក់ថវិកា៣០,០០០ រៀល៕

អត្ថបទទាក់ទង