ខ្មែរប៉ុស្ដិ៍ Close

NOCC អំពាវនាវឱ្យមហាជនចុះឈ្មោះចូលរួមឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍ ជិះកង់នៃក្តី​ស្រឡាញ់ នៅខេត្តព្រះសីហនុ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 30
NOCC អំពាវនាវឱ្យមហាជនចុះឈ្មោះចូលរួមឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍ ជិះកង់នៃក្តី​ស្រឡាញ់ នៅខេត្តព្រះសីហនុ NOCC អំពាវនាវឱ្យមហាជនចុះឈ្មោះចូលរួមឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍ ជិះកង់នៃក្តី​ស្រឡាញ់ នៅខេត្តព្រះសីហនុ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវ​នាវជា​ថ្មីឱ្យ​កីឡាករ កីឡាការិនី យុវជន មហាជន ដែលមានបំណងចូលរួមប្រកួតប្រជែង និងជិះកង់កម្សាន្ត សម្រាប់​ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ដែលគ្រោងធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ខេត្តព្រះសីហនុ ដោយសូមចុះឈ្មោះចូលរួមឱ្យបានច្រើន និងទាន់ពេលវេលា ខណៈពេល​វេលា​កាន់តែ​កៀកដល់ថ្ងៃប្រកួតហើយ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា មកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចុះឈ្មោះចំនួន៣ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន២កន្លែង និងនៅ​ខេត្ត​ព្រះសីហនុ ចំនួន១ទីតាំងនោះ គឺទើបតែមានចំនួនជិត២០០នាក់ប៉ុណ្ណោះ។ ដូច្នេះហើយទើបឯកឧត្តមបាន​អំពាវនាវឱ្យ​មានការចូលរួមកាន់​តែ​ច្រើនជាងនេះ និងឱ្យទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលដល់ការ​រៀបចំ​របស់គណៈ​កម្មការបច្ចេក​ទេស។

លោក សែម ផល្លា ដែលស្ថិតនៅក្នុងគណៈកម្មការរៀបចំនេះដែរក៏បានបង្ហាញទីតាំងសម្រាប់ការ​ចុះឈ្មោះចំនួន៣កន្លែង ដោយទីតាំងចុះឈ្មោះទី១.គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិត រង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីតាំងទី២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ79C, ផ្លូវ 155, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។ ការទទួលចុះឈ្មោះនៅតែបន្តរហូតដល់ជិតដល់ថ្ងៃប្រកួត ប៉ុន្តែលោក សែម ផល្លា បានសំណូមចុះឈ្មោះឱ្យបានរួសរាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់គណៈកម្មការ ក្នុងការផ្តល់ស្លាកលេខ ប្រកួតជូនដល់អ្នកចុះឈ្មោះ ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការរៀបចំផងដែរ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយ គឺការ «ជិះកង់នៃក្តីស្រឡាញ់» នៅតំបន់ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ នេះត្រូវបានរៀបចំឡើងដោយNOCC​និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធ​ខ្មែរកីឡា​ទោចក្រយាន ដោយបែងចែកវិញ្ញាសាចំនួន៣ គឺ១-វិញ្ញាសា សម្រាប់អ្នកជិះកង់អាជីពចម្ងាយ៤០គីឡូម៉ែត្រ ដែលការប្រណាំងចាប់ផ្ដើមចេញដំណើរពីឆ្នេរអូរឈើទាលឆ្ពោះទៅឆ្នេររាម បន្ទាប់មកត្រឡប់មកឆ្នេរ​អូរ​ឈើ ទាលវិញ។ ២-ប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ចម្ងាយ២៥គីឡូម៉ែត្រ ដោយចេញ ដំណើរពីឆ្នេរអូរឈើទាល ឆ្ពោះទៅអូរត្រេះ ហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ។ ៣-Family Couple Ride គឺការជិះកង់ជាក្រុមគ្រួសារ និងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ចំពោះ«ជិះកង់នៃក្តីស្រឡាញ់»មានគោលបំណងចម្បងៗមួយចំនួនក្នុងគោលដៅបន្តបញ្ជ្រាបការផ្សព្វផ្សាយឱ្យមានការផ្លាស់ប្ដូរឥរិយាបទ ក្នុងស្រទាប់យុវវ័យ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមក យុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។ ជាមួយគ្នានោះ «ជិះកង់នៃក្តី ស្រឡាញ់» ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មី របស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។ តាមរយៈការជិះកង់ នេះ នឹងនាំឱ្យ​យុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាព ព្រមទាំង ទាក់ទាញឱ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ ឆ្នេរសមុទ្រ ទៀតផង។ គណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រ សម្រាប់អ្នកចូលរួមទាំងអស់ ដោយសុវត្ថិភាព សណ្ដាប់ ធ្នាប់ និងអនាម័យខ្ពស់។

សូមបញ្ជាក់ថា​ តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជាប្រធាន NOCC នឹងអញ្ជើញជាអធិបតី ហើយឯកឧត្តមបណ្ឌិតនឹងថ្លែងសន្ទរកថាខ្លី ព្រមទាំង​ការបញ្ជា​កាំភ្លើង​ចេញដំណើរលើវិញ្ញាសាប្រណាំងកង់ ៤០គីឡូម៉ែត្រ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ថ្លែងសន្ទរកថាខ្លី និងការបញ្ជាកាំភ្លើងចេញដំណើរលើវិញ្ញាសាប្រណាំងកង់លើវិញ្ញាសាកម្សាន្ត​លក្ខណៈ​គ្រួសារ។ តាមកម្មវិធី នឹងចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥៖ ៣០នាទី ជួបជុំកីឡាករ កីឡាការិនី ហើយម៉ោង៦គត់ចាប់ផ្តើមកម្មវិធី និងនៅវេលាម៉ោង៨ និង៣០នាទី​បំពាក់​មេដាយជូនជ័យលាភីលើវិញ្ញាសាប្រកួតកង់៤០គីឡូម៉ែត្រ៕

អត្ថបទទាក់ទង