តើរដ្ឋប្រហារនៅ មីយ៉ាន់ម៉ាមានអត្ថន័យយ៉ាងណាចំពោះប្រទេសចិន?
កាលពីថ្ងៃទី ១ ខែកុម្ភៈ រដ្ឋប្រហារមួយនៅប្រទេសមីយ៉ាន់ម៉ាបានបណ្តេញគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ចេញពីអំណាច ហើយលោកស្រីអង់សាន ស៊ូជី និងបណ្តាមេដឹកនាំគណបក្ស NLD ផ្សេងទៀតក៏ត្រូវបានឃុំខ្លួន ហើយបញ្ហានេះបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបយោធាឡើងវិញ។
ការផ្លាស់ប្តូរនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីំសំណាក់ទីក្រុងប៉េកាំង។ ហើយបើទោះបីជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដ៏យូរលង់ជា មួយកងទ័ពភូមា Tatmadaw នៅអំឡុងពេលនៃការគ្រប់គ្រង របស់ពួកគេដែលបានចាប់ផ្ដើមពីចុងទសវត្សឆ្នាំ ១៩៨០ ក៏ដោយ ក៏ប្រទេសចិននឹងមិនសាទរចំពោះព្រឹត្តិការណ៍នាពេលថ្មីៗនេះនោះទេ។
លោកស្រី Yun Sun ដែលជាសហប្រធាននៃកម្មវិធីអាស៊ីបូព៌ានិងជានាយកកម្មវិធីកិច្ចការចិន នៅមជ្ឈមណ្ឌល Stimson ប្រចាំនៅ Washington, D.C បាន និយាយថា «រដ្ឋប្រហារនេះមិនផ្តល់ផលប្រយោជន៍ដល់ទីក្រុងប៉េកាំងនោះទេដោយសារទីក្រុងប៉េកាំងកំពុងតែមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណបក្ស NLD។ ប្រសិនបើឱ្យទីក្រុងប៉េកាំងរើស នោះពួកគេនឹងរើសយកគណបក្ស NLD ជាជាងរើសយក យោធា។ ប៉ុន្តែពួកគេមិនមានជម្រើសនោះទេ។ដូច្នេះពួកគេត្រូវតែប្រឈមមុខនឹងអ្វីដែលកំពុងកើតឡើង» ។
ប្រតិកម្មជាផ្លូវការលើកដំបូងពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin មានខ្លឹមសារយ៉ាងខ្លីថា «យើងបានកត់សំគាល់នូវអ្វីដែល បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងកំពុងសិក្សាបន្ថែមអំពីស្ថានភាពនេះ»។
លោក Wang បានបន្ត ទៀតថា «ចិនគឺជាប្រទេសជិតខាងដ៏ល្អរបស់មីយ៉ាន់ម៉ា។ យើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងដោះស្រាយការខ្វែងគំនិតគ្នាបានយ៉ាងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនិងក្របខណ្ឌច្បាប់ដែលនឹងអាចរក្សាបាននូវស្ថិរភាព នយោបាយនិងសង្គម»។
ដោយផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដែលមានជាយូរមកហើយនោះ អត្ថន័យបង្កប់ពាក់ព័ន្ធនឹងការឆ្លើយតបនេះគឺមានចំនួន ២ ដែលនោះគឺការធ្វើរដ្ឋប្រហារគឺជារឿង
ផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ្នកណាក៏ដោយ ដែលនឹងមកបន្តដឹកនាំប្រទេស។
ផលប្រយោជន៍របស់ចិននៅមីយ៉ាន់ម៉ា មានរាប់ចាប់ពីផលប្រយោជន៍ សេដ្ឋកិច្ចរហូតដល់ផលប្រយោជន៍ខាងផ្នែកយុទ្ធសាស្ត្រ។ ប្រទេសមីយ៉ាន់ម៉ាគឺជា ប្រភពនៃធនធានធម្មជាតិ ដ៏សំបូរបែបដែលមានដូច ជាឈើ, ត្បូងមានតំលៃ និងឧស្ម័នធម្មជាតិ។
មីយ៉ាន់ម៉ាក៏បានផ្តល់លទ្ធភាពឱ្យចិនអាចប្រើប្រាស់ដែនសមុទ្រនៅភាគនិរតីរបស់ខ្លួនផងដែរ ដែលទីក្រុងប៉េកាំងបាននិងកំពុងព្យាយាមធ្វើការអភិវឌ្ឍតាមរយៈច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា (China-Myanmar Economic Corridor) ដែលតភ្ជាប់ខេត្ត Yunnan របស់ប្រទេសចិនទៅនឹងឈូងសមុទ្រ Bengal ។
ការវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបយោធានៅមីយ៉ាន់ម៉ា បានបង្ហាញឱ្យឃើញថា ប្រទេសនេះក៏នឹងវិលត្រឡប់ទៅរកស្ថានភាពដូចកាលពីអតីតកាលវិញផងដែរ ដែលទីក្រុងប៉េកាំងនឹងក្លាយជាអ្នកគាំទ្រពីខាងក្រៅតែមួយគត់របស់ប្រទេសនេះ។
ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូត មកដល់ពេលដែលប្រទេសមីយ៉ាន់ម៉ាបានបើកទ្វារចំហនៅឆ្នាំ ២០១១ ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេចាត់ទុកជារដ្ឋក្រៅសង្គម (Pariah) នៅ លើឆាកអន្តរជាតិ និងបានស្ថិតនៅឯកោពីប្រទេសដទៃទៀត លើកលែងតែប្រទេសចិន។
ប៉ុន្តែ បញ្ហានេះមិនបានធ្វើឱ្យទីក្រុងប៉េកាំងរីករាយដូចដែលគ្រប់គ្នាបានគិតនោះទេ។ លោកស្រី Sun បាន និយាយថា «ប្រទេសចិនចង់ឱ្យប្រទេសមីយ៉ាន់ម៉ាក្លាយជាប្រទេសធម្មតា និងមានស្ថិរភាព។ ប្រសិន បើមីយ៉ាន់ម៉ាក្លាយជារដ្ឋឯកោម្ដងទៀតនៅក្នុងសហគមន៍អន្តរជាតិ តើគម្រោងតភ្ជាប់ជាអន្តរជាតិដែលវិនិយោគ ដោយចិននឹងក្លាយទៅជា យ៉ាងណា?»។
ទន្ទឹមនឹងនេះដែរទំនាក់ទំនងរវាងចិននិងកងកម្លាំង Tatmadaw មិនមានភាពល្អនឹងគ្នាណាស់ណានោះទេ។ មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនមានបំណងអោបក្រសោបតែប្រទេសចិនមួយនោះទេ ដោយខ្លាចមានបញ្ហាចំពោះអធិបតេយ្យភាពជាតិ។
ជាក់ស្តែង រដ្ឋាភិបាលមុនរបស់លោកប្រធានាធិបតី Thein Sein ដែលគាំទ្រដោយយោធា ដោយផ្អែកលើហេតុផល «សេចក្តីប្រាថ្នារបស់ប្រជាជន» បានលុបចោលនូវគម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់មួយ Myitsone និងបានធ្វើឱ្យប្រទេសចិនស្រងាកចិត្តយ៉ាងខ្លាំង។ បន្ទាប់មក មីយ៉ាន់ម៉ាបានចាប់ផ្តើមដំណើរការនៃការបើកទ្វារចំពោះដៃគូផ្សេងទៀត បូករួមទាំងសហរដ្ឋអាមេរិកផងដែរ។
នៅក្នុងសៀវភៅដែលមានចំណងជើងថា «នៅក្នុងស្រមោលនាគ : អាស៊ីអាគ្នេយ៍ក្នុងសតវត្សរ៍ចិន» (In the Dragon’s Shadow: Southeast Asia in the Chinese Century) ដែលនិពន្ធដោយលោក Sebastian Strangio បានធ្វើការកត់សម្គាល់ថា ការផ្អាកទំនប់វារីអគ្គិសនី Myitsone បានជះឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់កម្មវិធីកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការបោះជំហានចេញពីការពឹងផ្អែកខ្លាំងពេកលើប្រទេសចិន និងការឈានទៅរកការបើកផ្លូវនយោបាយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ការកែទម្រង់ត្រូវបានធ្វើឡើងមួយផ្នែក ដោយសារតែមានការយល់ឃើញថា ឥទ្ធិពលរបស់ប្រទេសចិនអាចជា «ភាពអាសន្នរបស់ជាតិ» ដែលវិធីសាស្ត្រឆ្លើយតបដ៏ល្អបំផុត គឺការបើកចំហផ្នែកនយោបាយដើម្បីទាក់ទាញប្រទេសលោកខាងលិច។
ហើយវិធានការនេះពិតជាទទួលបានផលមែន ដែលលោក Thein Sein បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាមេរិក Barack Obama ក្នុងឆ្នាំ ២០១២ ហើយលោកក៏បានទៅធ្វើទស្សនកិច្ចនៅសេតវិមានក្នុងឆ្នាំ ២០១៣ ផងដែរ។
លោក Strangio ក៏បានធ្វើការកត់សម្គាល់ថា សូម្បីតែក្នុងពេលដ៏រុងរឿងនៃការបង្រួប បង្រួមរវាងចិននិងមីយ៉ាន់ម៉ានៅទសវត្សឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ យោធាមីយ៉ាន់ម៉ានៅតែ រក្សាការសង្ស័យចំពោះចិនយ៉ាងជ្រាលជ្រៅ ដោយសារចិនមានប្រវត្តិធ្លាប់គាំទ្រក្រុមបះបោរ កុម្មុយនីស្តនិងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការខ្វែងគំនិតគ្នាទាំងនោះបានបង្ហាញឱ្យឃើញចាប់តាំងពីពេលដែលការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើម។ ហើយកាលពីឆ្នាំមុន យោធាមីយ៉ាន់ម៉ាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីតួនាទីរបស់ចិននៅក្នុងជម្លោះជនជាតិភាគតិចនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
សរុបមក យោធាមីយ៉ាន់ម៉ាមិនដែលចង់ចាប់ដៃគូជាអន្តរជាតិជាមួយចិននោះទេ។ ស្របពេលជាមួយគ្នានេះដែរ នៅទីបំផុតទំនាក់ទំនងរវាងចិននិងលោកស្រីអ៊ុងសានស៊ូជីបានចាប់ផ្ដើមមានភាពល្អូកល្អឺននឹងគ្នា បើទោះបីជាមានការរំពឹងទុកនាពេលដំបូងថា រដ្ឋាភិបាលរបស់លោកស្រីអាចមានទំនោរទៅរកលោកខាងលិចក៏ដោយ។
ប៉ុន្តែ ភាគីទាំង២ ធ្លាប់បានចាប់ផ្តើមជាមួយនឹងភាពមិនច្បាស់លាស់មួយ ដែលនោះគឺដោយសារតែកង្វះទំនាក់ទំនងល្អរវាងទីក្រុងប៉េកាំងនិងគណបក្ស NLD និងស្លាកស្នាមអតីតកាលដែលចិនធ្លាប់បានគាំទ្ររបបយោធា ដែលបានឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជី។
ប៉ុន្តែនៅពេលដែលលទ្ធិប្រជាធិបតេយ្យបានបង្ហាញទំនោរកាន់តែច្បាស់ទៅរកជ័យជម្នះ ទីក្រុងប៉េកាំងបានកែតម្រូវគោលនយោបាយរបស់ខ្លួន តាមរយៈការឈោងចាប់អ្នកនយោបាយល្បីៗ ដោយរួមមានការអញ្ជើញលោកស្រីអ៊ុងសាន ស៊ូជី ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួន មុនពេលដែលគណបក្ស NLD របស់លោកស្រីបានឈ្នះនៅក្នុងការបោះឆ្នោតនិងឈានទៅដល់ការឡើងកាន់អំណាច។
ហើយនោះគឺជាការជួបគ្នាជាលើកដំបូងជាមួយលោក ស៊ីជីនពីង បើទោះបីជាពេលនោះ លោកស្រីនៅ មិនទាន់បានកាន់មុខតំណែងផ្លូវការក៏ដោយ។ បន្ទាប់ពីដំណើរទស្សនកិច្ចនោះក៏មានដំណើរទស្សនកិច្ចធំៗជាបន្តបន្ទាប់ទៀត ដែលរួមមានដំណើរទស្សនកិច្ចឆ្នាំ ២០២០ របស់លោក ស៊ីជីនពីង ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅក្រៅប្រទេស មុនពេលកើតមានវីរុស COVID-19។
ទន្ទឹមនឹងនេះដែររដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី គឺជាភ្ញៀវបរទេសដំបូងគេរបស់លោកស្រីអ៊ុងសាន ស៊ូជី បន្ទាប់ពីលោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ នៅ ១ ខែ មុនកើតមានរដ្ឋប្រហារ លោក វ៉ាង យី ក៏បានស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីជម្រុុញគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា (CMEC)។
លោកស្រី Sun បាន និយាយថា «ច្បាស់ណាស់ ផលប្រយោជន៍របស់ទីក្រុងប៉េកាំងមិន បានរងផលប៉ះពាល់ដោយសារការផ្លាស់ប្ដូរទៅជារកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ានោះទេ។ តាមពិត ទីក្រុងប៉េកាំងមានទំនាក់ទំនងជាមួយគណបក្ស NLD ល្អជាងជាមួយរដ្ឋាភិបាលមុនៗរបស់មីយ៉ាន់ម៉ាទៅទៀត»។
ការរីកចម្រើននៃទំនាក់ទំនងនេះ មួយផ្នែកក៏ដោយសារតែការព្យាករណ៍ដ៏ច្បាស់លាស់របស់លោកស្រីអ៊ុងសាន ស៊ូជី អំពីសារៈសំខាន់របស់ប្រទេសចិន ក៏ប៉ុន្តែមួយផ្នែកទៀតគឺបណ្តាលមកពីវិបត្តិរ៉ូហ៊ីងយ៉ា។
ការបង្ក្រាបរបស់យោធា និងការដែលលោកស្រីស៊ូជី បដិសេធមិនថ្កោលទោសចំពោះអំពើប្រល័យពូជសាសន៍ នៅតាមបណ្តោយព្រំដែន បានបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយលោកខាងលិច។ ក្រុមប្រទេសប្រជាធិបតេយ្យសេរីនៅបរទេស បានថ្កោលទោសអំពើហិង្សានេះ។ ហើយសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើមេបញ្ជាការជាន់ខ្ពស់មីយ៉ាន់ម៉ា គឺលោក Min Aung Hlaing។
ក្ដីសង្ឃឹមថានឹងអាចទទួលបានរលកនៃការវិនិយោគពីបស្ចិមប្រទេស មិនបានកើតឡើងនោះទេ និងមានតែការគំរាមកំហែងនៃការដាក់ទណ្ឌកម្មតែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ប្រទេសចិននៅតែជាដៃគូដ៍សំខាន់ដំបូងរបស់មីយ៉ាន់ម៉ា។
វិបត្តិរ៉ូហ៊ីងយ៉ាក៏បានបង្ហាញឱ្យឃើញនូវសន្តានចិត្តដ៏កម្ររបស់ទីក្រុងប៉េកាំងចំពោះជនជាតិភាគតិច Bamar ដែលភាគច្រើនមិនពេញចិត្តនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា។ ហើយការគាំទ្ររបស់ទីក្រុងប៉េកាំងលើបញ្ហារ៉ូហ៊ីងយ៉ាក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរ។
លោកស្រី Sun បាន ពន្យល់ថា «ប្រទេសចិនត្រូវបានគេមើលឃើញថាបានឈរខាងប្រជាជនភូមា។ ហើយទីក្រុងប៉េកាំងមិនអាចឱ្យប្រជាជនមីយ៉ាន់ម៉ាស្ថិតនៅក្នុងភាពឯកោម្តងទៀត តាមរយៈការគាំទ្រយ៉ាងស្មោះអស់ពីចិត្ដចំពោះការវិលត្រឡប់ទៅកាន់របបផ្តាច់ការយោធាវិញនោះទេ»។
លោកស្រី Sun បាន ព្យាករណ៍ថា ប្រទេសចិននឹងព្យាយាមរក្សាអព្យាក្រឹតភាពជាជាងធ្វើការជ្រើសរើសរវាង «ភាគីដែលកាន់អំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬសាធារណជននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ ប៉ុន្តែប្រសិនបើការបះបោរ ឬការតវ៉ាមានការកើនឡើងកាន់តែខ្លាំង នោះការរក្សាតុល្យភាពនឹងមានភាពកាន់តែពិបាក។
កេរ្តិ៍ឈ្មោះរបស់ចិន នៅបរទេសក៏នឹងរងផលប៉ះពាល់ផងដែរ ប្រសិនបើចិនបង្ហាញការគាំទ្រចំពោះយោធាមីយ៉ាន់ម៉ា បូករួមទាំងការការពារប្រទេសនេះនៅឯអង្គការសហប្រជាជាតិ។ នៅថ្ងៃទី ២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានធ្វើការកោះប្រជុំជាបន្ទាន់មួយស្តីពីបញ្ហាមីយ៉ាន់ម៉ា។
អង់គ្លេសដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិប្រចាំខែនេះ បានព្រាងសេចក្តីថ្លែងការណ៍មួយដែលនឹងថ្កោលទោសរដ្ឋប្រហារនេះ ហើយនឹងអំពាវនាវឱ្យយោធាគោរពនីតិរដ្ឋ និងសិទ្ធិមនុស្ស បូករួមនឹងការដោះលែងជាបន្ទាន់នូវអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។
ប៉ុន្តែ សេចក្តីថ្លែងការណ៍នេះមិនត្រូវបានអនុម័តភ្លាមៗនោះទេ ដោយសារការស្ទាក់ស្ទើររបស់ចិនក្នុងការចុះហត្ថលេខាលើការរិះគន់ណាមួយទៅលើប្រទេសមីយ៉ាន់ម៉ា ឬលើកងកម្លាំង Tatmadaw ខណៈដែល ប្រទេសចិនមានអំណាចវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
នៅមុនកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang បានសង្កត់ធ្ងន់ថា «សកម្មភាពអ្វីក៏ដោយ ដែលសហគមន៍អន្តរជាតិ នឹងធ្វើ គួរតែរួមចំណែកដល់ស្ថិរភាពនយោបាយ និងសង្គមរបស់មីយ៉ាន់ម៉ា, លើកកម្ពស់សន្តិភាព និងការផ្សះផ្សាជាតិរបស់ប្រទេសនេះ និងគួរចៀសវាងនូវការបង្កើនជម្លោះ និងការធ្វើអោយស្ថានភាពនេះមានលក្ខណៈកាន់តែស្មុគស្មាញ»។
នេះមានន័យថា ចិនមិនចង់ឃើញការឆ្លើយតបខ្លាំងៗពីអន្តរជាតិ ដូចជាទណ្ឌកម្មនោះទេ។ ប៉ុន្តែបញ្ហានេះនឹងធ្វើឱ្យខូចខាតដល់មុខមាត់របស់ទីក្រុងប៉េកាំងក្នុងនាមជាតួអង្គពិភពលោកដែលប្រកបដោយការទទួលខុសត្រូវ។
លោកស្រី Sun បាន និយាយថា «ប្រសិនបើការឆ្លើយតបលក្ខណៈនយោបាយមានកម្រិតកាន់តែធំ នោះផលប៉ះពាល់ផ្នែកនយោបាយសម្រាប់ប្រទេសចិនពាក់ព័ន្ធនិងយោធាមីយ៉ាន់ម៉ាក៏នឹងមានកម្រិតកាន់តែធំផងដែរ។ ប្រទេសចិននឹងប្រឈម មុខនឹងបន្ទុក ប៉ុន្តែច្បាស់ណាស់ថា ប្រទេសចិននឹងមិនសប្បាយចិត្តចំពោះរឿងនេះនោះទេ»។ The Diplomat