ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យវិសាទបូជានៅវត្តអារញ្ញការាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យវិសាទបូជានៅវត្តអារញ្ញការាម រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យវិសាទបូជានៅវត្តអារញ្ញការាម

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំងដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចូលរួមប្រមាណជាង៣០០នាក់ផងដែរ។

ក្នុងពិធីនោះបានបួងសួង ដង្ហែរក្បូនជុំវិញព្រះវិហារចំនួន៣ជុំ និងពិធីជាច្រើនទៀត ពិសេសនាពេលយប់ មានការបាញ់កាំជ្រួច បង្ហោះគោម ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជារៀងដ៍រាបទៅ។

ព្រះសិរីធម្មញ្ញាណ សុខ ថាន ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកំពង់ឆ្នាំងបានមានថេរដីការឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឮកនឹកនូវព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖

  • ទី១ រំឮកដល់ព្រះសម្មាសម្ពុទ្ធសមណគោតមព្រះបរមគ្រូ ព្រះអង្គទ្រង់ប្រសូត្រ
  • ទី២ រំឮកដល់ព្រះពុទ្ធអង្គ បានត្រាស់ដឹងនូវចតុរារិយសច្ច: និង
  • ទី៣ រំឮកដល់ការចូលបរិនិព្វានរបស់ព្រះសមណគោត្តម ។ ព្រះតេជព្រះគុណ បានមានថេរដីកាបន្តថាព្រឹត្តិការណ៍ទាំងបីនេះ គឺប្រព្រឹត្តទៅនៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានគឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។

លោកបានបន្តទៀតថា ការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជាដ៍អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យ លន់ នល់ ជាពិសេសសម័យប៉ុលពត ប្រល័យពូជសាសន៍ឯងនៅនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃបំភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងធ្វើអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត នៅលើទឹកដីកម្ពុជា ៕

អត្ថបទទាក់ទង