ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សម្រេចបង្កើតអង្គភាពថែទាំប្រាសាទថ្មីមួយទៀត ដើម្បីងាយស្រួលក្នុងដំណើរការជួសជុលប្រាង្គប្រាសាទនានា ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
អាជ្ញាធរជាតិអប្សរា សម្រេចបង្កើតអង្គភាពថែទាំប្រាសាទថ្មីមួយទៀត ដើម្បីងាយស្រួលក្នុងដំណើរការជួសជុលប្រាង្គប្រាសាទនានា ​ អាជ្ញាធរជាតិអប្សរា សម្រេចបង្កើតអង្គភាពថែទាំប្រាសាទថ្មីមួយទៀត ដើម្បីងាយស្រួលក្នុងដំណើរការជួសជុលប្រាង្គប្រាសាទនានា ​

អាជ្ញាធរជាតិអប្សរា បានសម្រេចបង្កើតអង្គភាពថែទាំប្រាសាទថ្មីមួយទៀត ដើម្បីងាយស្រួលក្នុងដំណើរការជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់ឧទ្យានអង្គរបានភ្លាមៗ នៅពេលមានហានិភ័យផ្សេងៗកើតឡើងលើប្រាសាទ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា គម្រោងបង្កើតអង្គភាពថែទាំប្រាសាទថ្មីមួយនេះ ដើម្បីផ្តល់ភាពងាយស្រួយដល់អាជ្ញាធរអប្សារា ក្នុងការលើកគម្រោងជួសជុលភ្លាមៗបានដោយមិនចាំបាច់ឆ្លងយោបល់មកគណៈកម្មាធិការអន្តរជាតិឡើយ។

លោកស្រីបន្តថា អង្គភាពថែទាំប្រាសាទនេះ ស្ថិតក្រោមការគ្រប់គ្រងនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការនៅពេលប្រាសាទជួបហានិភ័យ គឺមិនចាំបាច់លើកគម្រោងវែងឆ្ងាយ និងឆ្លងអាយស៊ីស៊ីនោះទេ សម្រាប់ការងារដែលបន្ទាន់ គឺធ្វើបានភ្លាមៗតែម្តង ដូចជាការរលំដើមឈើលើប្រាសាទ រលុះថ្មប្រាសាទ ឬទឹកជំនន់លិចប្រាសាទជាដើម។

លោកស្រីបានលើកឡើងថា «ការបង្កើតអង្គភាពថែទាំប្រាសាទនេះ យើងដឹងហើយថារាល់ថ្ងៃនេះ យើងមាននាយកដ្ឋាន ក្នុងការថែរក្សាថែទាំប្រាសាទ គឺជាគម្រោងធំៗ ប៉ុន្តែការបង្កើតអង្គភាពមួយ ដើម្បីឱ្យអង្គភាពនោះ អាចធ្វើការបានលឿន បានរហ័សជាងមុន ឧទាហរណ៍ថា ឃើញថ្មធ្លាក់ ខ្យល់ ឬភ្លៀងវាធ្លាក់ឬខូចកន្លែងណា មិនចាំបាច់ឆ្លងលើកគម្រោងវែងឆ្ងាយទៅ អាយស៊ីស៊ី នោះទេ របស់ដែលត្រូវធ្វើការបន្ទាន់ភ្លាមៗ អាចធ្វើសកម្មភាពហ្នឹងបានតែម្តង លឿនជាទីបំផុត»។

គួរជម្រាបផងដែរថា បន្ទាប់ពីខកខានកិច្ចប្រជុំកាលពីខែមិថុនា ឆ្នាំ២០២០កន្លងមក ដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប៕

អត្ថបទទាក់ទង