ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួននិងចរិតលក្ខណៈប្រជាជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួននិងចរិតលក្ខណៈប្រជាជន លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួននិងចរិតលក្ខណៈប្រជាជន

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួននិងចរិតលក្ខណៈប្រជាជន។ ជំរឿនប្រជាជនមានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវចំនួនប្រជាជនក្នុងតំបន់រហូតដល់ថ្នាក់តូចៗថែមទៀតដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ។ ជំរឿន ក៏ផ្តល់ជូនផងដែរនូវក្របខ័ណ្ឌជ្រើសរើសគំរូក៏ដូចជាមូលដ្ឋាននៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជនដែលជាកត្តាសំខាន់សម្រាប់ការងារផែនការរយៈពេលវែង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងអំណរគុណអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបានផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម៕

អត្ថបទទាក់ទង