ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 81
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» (Video inside) ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» (Video inside)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។

នៅក្នុងឱកាសសម្ពោធខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណជិត២ម៉ោង។ ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. ជាមួយការបង្ហាញមុខជាសាធារណៈលើកដំបូងសម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជួបតែសេចក្តីសុខសម្រាប់ឆ្នាំថ្មី។
  2. សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃនេះ ជាសមយុទ្ធ និងជាបទពិសោធន៍ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទជំងឺកូវីដ-១៩ ឬជាការរៀបចំកម្មវិធីតាមគន្លងថ្មី។
  3. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី០៤ ខែមេសា សម្តេចនឹងអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
  4. សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវមួយចំនួននៅទីតាំងស្ពានអាកាសចោមចៅ ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
  5. សម្តេចតេជោ ហ៊ុន សែន ពីលើវេទិកានាព្រឹកថ្ងៃនេះ ក៏បានប្រកាសពីការបែងចែកទីតាំងក្រសួងសាធារណការចាស់នៅជិតវត្តភ្នំ ប្រគល់ជូនទៅក្រសួងរ៉ែ និងថាមពល, ទីស្តីការក្រសួងរ៉ែ និងថាមពលចាស់ ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទីតាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ, ទីតាំងក្រសួងអភិវឌ្ឍន៍ជនបទចាស់ ប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។
  6. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា អគារទីស្តីការក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏កំពុងសាងសង់ផងដែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការផ្លាស់ប្តូររបបនានានៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនានា ទោះតាមមធ្យោបាយបោះឆ្នោត ឬរដ្ឋប្រហារ រដ្ឋាភិបាលក្រោយតែងតែទទួលមរតកពីរដ្ឋាភិបាលមុន។ ក៏ប៉ុន្តែសម្រាប់កម្ពុជា ក្រោយពេលរំដោះពីរបបប្រល័យពូជសាសន៍ គឺកម្ពុជាគ្មានសេសសល់អ្វីទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័នរដ្ឋ រួមទាំងធនធានមនុស្ស។
  8. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានប្រឹងប្រែងប្រមូលធនធានមនុស្សឡើងវិញ និងបានចាត់ចែងរៀបចំក្រសួងស្ថាប័នរដ្ឋឡើងវិញយ៉ាងលំបាកបំផុត។
  9. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចវិបុលបញ្ញា សុខ អាន និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានអតីតភាពជាលេខាផ្ទាល់របស់សម្តេច។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានដឹងបច្ចុប្បន្នកាល ត្រូវមើលទៅអតីតកាល។ សម្តេចតេជោបានលើកឡើងថា នេះជាទស្សនៈប្រវត្តិសាស្ត្រ ដើម្បីវិភាគបញ្ហា។
  11. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្រាប់ក្រសួងសាធារណការ ដឹកជញ្ជូន ពីដើមឡើយគ្រាន់តែជាគណៈកម្មការសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលនៅគ្រប់ក្រសួងមានធនធានមនុស្ស ដែលជាការវិវឌ្ឍន៍មួយដ៏ល្អពីប្រទេសខ្វះធនធានមនុស្ស មកជាមានធនធានដ៏ល្អ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តែរីករាយមួយទៀត សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងមួយចំនួនទៀត បង្កើតឱ្យមានកន្លែងបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅតែជារឿងសំខាន់ និងគិតគូរខ្ពស់សម្រាប់កម្ពុជា។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ បានវិវឌ្ឍន៍ពីផ្ទៃដី ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាធុញទ្រាន់ចំពោះការលើកឡើងដដែលៗរឿងលុបបឹងនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងថា នៅភ្នំពេញមានបឹងច្រើនណាស់ តែត្រូវបានលុបតាំងពីជំនាន់មុន ដើម្បីបម្រើការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
  16. តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនឯកភាពចំពោះការបិទមុខទឹកនៅក្នុងរាជធានីភ្នំពេញនោះឡើយ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍទីក្រុងកាន់តែធំ ផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិកាន់តែច្រើន។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែគោរពចំពោះព្រះបាតអង្គឌួង។ បើតាមសម្តេចតេជោ ប្រទេសកម្ពុជាពីអតីតកាលស្ទើរបាត់ពីផែនទីលើពិភពលោក។ សម្តេចតេជោ បានលើកឡើងថា នៅអំឡុងឆ្នាំ១៨៤០ ប្លាយ កម្ពុជា មានពលរដ្ឋមិនដល់ ១លានផងទេ។ សម្តេចតេជោ បានថ្លែងថា ព្រះបាទអង្គឌួង បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រទេសកម្ពុជា។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សណាក៏ដោយបើមិនផ្អែកលើទស្សនៈប្រវត្តិសាស្ត្រ សម្តេចនៅតែចាត់ទុកជា «ល្ងង់ទូ»។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីវាយតម្លៃ និងព្យាករណ៍សភាព សម្តេចប្រើវិធីសាស្ត្រ៣រួមមាន៖ ទី១. ប្រវត្តិសាស្ត្រ, ទី២. វិចារណវិជ្ជា និងទី៣. តក្កវិជ្ជា។
  21. សម្តេចតេជោ ហ៊ុន សែន បានតបទៅនឹងលោក ម៉ក់ ហើន អ្នករស់នៅក្រៅប្រទេសថា សម្តេច រួមនិងសម្តេច ហេង សំរិន មិនមែនទាល់ច្រកទើបរត់គេចនោះទេ។ តែសម្តេច គឺបានរៀបចំដំណើរតស៊ូរំដោះជាតិ។
  22. សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក ម៉ក់ ហើន ថា បើមិនស្គាល់សម្តេច ស្មើនឹងខ្មែរ មិនស្គាល់ស្ករត្នោត។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រឹមតែជាមេបញ្ជាការនៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិនោះទេ គឺជាស្ថាបនិកកងកម្លាំងនេះតែម្តង។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាតស៊ូរំដោះប្រទេសពីខ្មែរក្រហមមាន ៤ភាគី។ តែក្នុងនោះមានតែភាគីសម្តេចទេ មានកងកម្លាំង។
  25. សម្តេចតេជោ ហ៊ុន សែន អញ្ជើញលោក ម៉ក់ ហើន មកលេងនៅកម្ពុជា ដោយសម្តេចចេញថ្លៃសំបុត្រយន្តហោះ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នយោបាយឈ្នះ-ឈ្នះ» គឺសម្តេចសម្តៅត្រឹមការបិទបញ្ចប់ភ្លើងសង្គ្រាម។ ដោយឡែកការតស៊ូផ្នែកនយោបាយ ជារឿងធម្មតាសម្រាប់ប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
  27. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទឹកចិត្តដល់ការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះធនធានមនុស្សជាកត្តាដ៏ចាំបាច់។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឱ្យបានជារឿងលំបាកមួយ តែការធានាឱ្យបាននូវនិរន្តរភាពរឹតតែលំបាកមួយទៀត។
  29. សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពាក់ព័ន្ធវ៉ាក់សាំងកូវីដ-១៩ ដោយបង្ហាញពីមូលហេតុដែលនាំឱ្យសម្តេចសម្រេចចិត្តទទួលវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសជាផ្លូវការ។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ-១៩នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ដើម្បីជជែក និងរិះរកយន្តការទទួលបានវ៉ាក់សាំង។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការជជែកនោះ កម្ពុជា ទទួលជំនួយពីចិន ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរ គឺស៊ីណូហ្វាម និងស៊ីណូហ្វាក់។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។
  34. សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងជំងឺកូវីដ-១៩ គឺជាទំនិញយុទ្ធសាស្ត្រ។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។
  37. សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យលោក ម៉ម ប៊ុនហេង ធ្វើជំរឿនដើម្បីស្វែងរកអ្នកចង់ចាក់ និងអ្នកមិនចង់ចាក់ផងដែរ។
  38. តែទោះបីជាយ៉ាងណាសម្តេច បានយល់ឃើញថា ការចាក់វ៉ាក់សាំងនេះ នឹងដើរតាមគន្លងដូចការតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនទៅចូលទៅអាហ្វ្រិក។ ដូច្នេះរឿងវ៉ាក់សាំងកូវីដ-១៩នេះ សម្តេចតេជោ ប៉ាន់ស្មានថា ទៅថ្ងៃមុខប្រទេសនានា អាចទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង លើបុគ្គលណាម្នាក់មុនអនុញ្ញាតឱ្យចូលប្រទេសគេ។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវិដ១៩។
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកវ៉ាក់សាំងកូវិដ១៩ នេះ សម្តេចប្រើច្រក៣ រួមមាន៖ ទី១. ច្រកកូវ៉ាក់ ដែលជាច្រកអង្គការសុខភាពពិភពលោក, ទី២. ជាមួយប្រទេសជាមិត្ត និងទី៣. ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។
  41. សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្ជុលដូសទី១ នៃវ៉ាក់សាំងកូវីដ-១៩ របស់ចិន គឺសម្តេចចាក់មុនគេ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយពេលចាក់សម្តេចនឹងធ្វើសន្និសីទព័ត៌មានផងដែរ។
  42. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមូលសំរាម ក៏ត្រូវទទួលបានវ៉ាក់សាំងផងដែរ។
  43. សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ការឧបត្ថម្ភដល់ជនក្រីក្រប្រមាណ ៣លាននាក់នៅបន្ត និងគោលនយោបាយឧបត្ថម្ភនានា ក៏នៅតែបន្តផងដែរ។
  44. សម្តេចតេជោ បន្តអំពាវនាវឱ្យរួមគ្នាការពារ និងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមគោលការណ៍ «៣កុំ» និង «៣ការពារ»។
  45. សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំរដ្ឋមន្ត្រី កុំយកភរិយាលូកលាន់កិច្ចការរបស់ប្តីនៅក្រសួង។
  46. សម្តេចតេជោបញ្ជាក់ថា ភាពជោគជ័យរបស់សម្តេចមានចំណែករបស់ភរិយា តែសម្តេចកិត្តិមិនដែលមើលឯកសារសម្តេចឡើយ ហើយការិយាល័យសម្តេចក៏សម្តេចកិត្តិអត់ដែលចូលដែរ។ សម្តេចតេជោ បានថ្លែងថា តាមការចំណាំរបស់សម្តេចអ្នកដែលឱ្យភរិយារៀបចំ ការិយាល័យត្រូវបាត់បង់តួនាទីជាច្រើននាក់។
  47. សម្តេចតេជោ បានថ្លែងថា ការឱ្យភរិយារៀបចំការិយាល័យអាចធ្វើឱ្យមិនសមភ្នែកមន្ត្រីក្រោមឱវាទ។
  48. សម្តេចតេជោ រំលឹកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចមន្ទីរផ្សេង កុំស្តាប់តែរដ្ឋមន្ត្រី មិនស្តាប់អភិបាលខេត្ត ឬស្តាប់តែអភិបាលខេត្ត អត់ស្តាប់រដ្ឋមន្ត្រី។
  49. សម្តេចតេជោ បានថ្លែងថាមានកន្លែងការងារត្រូវធ្វើការងារឱ្យកាន់តែល្អថែមទៀត។
  50. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៕

អត្ថបទទាក់ទង