ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យការងារប្រចាំខែនៅក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យការងារប្រចាំខែនៅក្នុងរមណីយដ្ឋានអង្គរ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យការងារប្រចាំខែនៅក្នុងរមណីយដ្ឋានអង្គរ

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។ ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យទីតាំងខាងកើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងចំណតថ្មី ចៀសវាងកុំឱ្យភ្ញៀវទេសចរចតនៅមុខប្រាសាទចៅសាយទេវតានិងខាងកើតខ្លោងទ្វារជ័យ។

ក្នុងនោះដែរ អង្គប្រជុំ ក៏បានពិភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល។ បន្ថែមពីនោះ ក៏ពិនិត្យលទ្ធភាពបង្កើតផ្លូវដើរឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំដើម្បីពង្រីកហេដ្ឋារចនា សម្ពន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

ក្រៅពីនោះទៀត លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានស្នើយោបល់ទៅកាន់អ្នកជំនាញបុរាណវិទ្យាដើម្បីរៀបចំស្តារស្រះនៅខាងត្បូងនៃផ្លូវចូលខាងកើតប្រាសាទបាយ័ន្តឡើងវិញឱ្យមានរូបរាងពេញ លេញ។ ចំណែកនៅជ្រុងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន្ត ត្រូវរៀបចំប្រព័ន្ធរំដោះទឹកចេញដើម្បីសោភ័ណភាពនិងបញ្ជៀសផលប៉ះពាល់ផ្សេងៗដល់ប្រាសាទ។

ជាចុងបញ្ចប់នៃដំណើរត្រួតពិនិត្យប្រចាំខែមករានេះ លោកអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អាគារសាលាបារាំងចុងបូព៌ាដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន្តដើម្បីពិនិត្យពីស្ថានភាពសំណង់និងឱ្យរៀបចំជួស ជុលអាគារនេះឡើងវិញសម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ៕

អត្ថបទទាក់ទង