ខ្មែរប៉ុស្ដិ៍ Close

អតីតសមាជិកគណបក្សសង្គ្រោះជាតិគ្រោងនឹងចុះបញ្ជីបង្កើតគណបក្សថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 41
អតីតសមាជិកគណបក្សសង្គ្រោះជាតិគ្រោងនឹងចុះបញ្ជីបង្កើតគណបក្សថ្មី អតីតសមាជិកគណបក្សសង្គ្រោះជាតិគ្រោងនឹងចុះបញ្ជីបង្កើតគណបក្សថ្មី

គណបក្សប្រឆាំងថ្មីមួយនឹងលេចចេញក្នុងពេលឆាប់ៗនេះ ប្រសិនបើការធ្វើមាតុភូមិនិវត្តន៍របស់ក្រុមមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយក្រុមនៅពាក់កណ្តាលខែនេះមិនបានលេចចេញជារូបរាងទេ ដោយមានក្តីសង្ឃឹមតិចតួចក្នុងការធ្វើឲ្យមានការចំណេញប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំក្រោយ។

បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលនៅឆ្នាំ ២០១៧ បន្ទាប់ពីការចាប់ខ្លួនលោកប្រធាន កឹម សុខា ពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល គ្មានគណបក្សនយោបាយណាដែលចូលរួមក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៨ មិន​បាន​បង្ហាញភាព​លេចធ្លោនោះទេ ដោយ​មិន​បាន​ឈ្នះសូម្បីតែអាសនៈរដ្ឋសភាមួយ។

ទោះយ៉ាងណា ក្រុមអតីតសមាជិកជាន់ខ្ពស់នៃបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេសមានសុទិដ្ឋិនិយមថាគណបក្សប្រឆាំងថ្មីមួយអាចនឹងប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតខាងមុខដែលជាសកម្មភាពមួយដែលត្រូវបានស្វាគមន៍ដោយគណបក្សប្រជាជនកម្ពុជា។

លោក អ៊ូ ច័ន្ទរ័ត្ន សមាជិកសភាអតីតគណបក្សសង្គ្រោះជាតិ ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃក្រុមប្រឆាំងថ្មីបាននិយាយកាលពីម្សិលមិញថាលោកបានរចនារូបសញ្ញា និងឈ្មោះរបស់គណបក្សក្នុងការរៀបចំដើម្បីចុះឈ្មោះជាមួយនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយរួច​ហើយ។

លោកនិយាយថាគណបក្សថ្មីត្រូវបានបង្កើតឡើងដោយផ្អែកលើច្បាប់ស្តីពីគណបក្សនយោបាយដែលតម្រូវឲ្យមានសមាជិកស្ថាបនិកចំនួន ៨០ នាក់។

ទោះយ៉ាងណា លោកបានបដិសេធមិនបង្ហាញឈ្មោះគណបក្ស ឬបញ្ជីឈ្មោះសមាជិកស្ថាបនិក មុនពេលដាក់ជូនជាផ្លូវការទៅក្រសួង។

លោកបន្តថា៖ «ខ្ញុំឃើញថាយុវជនហាក់ដូចជាយល់ស្របនឹងដំណើរការថ្មីសម្រាប់ការផ្លាស់ប្តូរដែលបានត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រសិនបើស្ថានការណ៍នយោបាយនៅជាប់គាំងបែបនេះខ្ញុំគិតថាមនុស្សជំនាន់ក្រោយនឹងគ្មានជម្រើសទេ។ អ្នកនយោបាយជើងចាស់ខ្លះក៏បានគាំទ្រផ្លូវថ្មីដែរ»។

ទោះបីមានផែនការបញ្ជូនឯកសារចុះបញ្ជីទៅក្រសួងក៏ដោយ ក៏លោកនិយាយថាលោកនៅតែរង់ចាំឱកាសចុងក្រោយដើម្បីជួបជុំជាមួយគណបក្សសង្រ្គោះជាតិមុន ប្រសិនបើផែនការវិលត្រឡប់របស់អតីតមន្រ្តីជាន់ខ្ពស់និងសកម្មជនដែលដឹកនាំដោយលោកស្រី មូរ សុខ ហួរអនុប្រធានអតីតគណបក្សសង្គ្រោះជាតិមកកម្ពុជានៅថ្ងៃទី ១៧ ខែមករាមានផ្លែផ្កា ជាលទ្ធផលនាំឲ្យមានការបង្រួបបង្រួមជាតិ។

អតីតមេដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៤ ខែមករាដើម្បីចូលរួមការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញនាពេលឆាប់ៗនេះក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។

ទោះយ៉ាងណា នៅថ្ងៃសៅរ៍នេះអតីតគណបក្សសង្រ្គោះជាតិបានប្រកាសថាលោកស្រី មូរ សុខហួរ បានផ្លាស់ប្តូរជើងហោះហើរត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៧ ខែមករាដោយលើកឡើងពីការផ្អាកការហោះហើរដែលធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍។ ពួកគេបានហៅការវិលត្រឡប់របស់ពួកគេថាជា ការផ្សះផ្សាជាតិ។

លោកនិយាយថា៖ «ខ្ញុំនៅតែរង់ចាំមើលថាលោកស្រី សុខហួរ វិលត្រឡប់មកប្រទេសកំណើតវិញដែរទេ ដើម្បីមើលថាតើគាត់មានដំណោះស្រាយនយោបាយដែរឬក៏យ៉ាងណា ប្រសិនបើការវិលត្រឡប់របស់គាត់អាចធ្វើទៅបាន គាត់នឹងខកខានសវនាការដំបូងនៅថ្ងៃទី ១៤ ខែមករាហើយមេធាវីនឹងតំណាងនៅក្នុងតុលាការជាមុន»

លោកបន្តថា៖ «ទោះយ៉ាងណា យើងមិនទាន់បោះបង់ចោលផែនការរបស់យើងដើម្បីចុះឈ្មោះគណបក្សនយោបាយទេ។ ប្រសិនបើផែនការវិលត្រឡប់របស់គាត់មិនមានដំណោះស្រាយ ឬគាត់បរាជ័យក្នុងការវិលត្រឡប់មកវិញ ផែនការរបស់យើងនឹងឆ្ពោះទៅមុខ»។

នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថាមិនមានលំហសម្រាប់ការចរចាជាមួយអតីតបក្សប្រឆាំងនោះទេ បើទោះបីជាមានការអំពាវនាវពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីការផ្សះផ្សានយោបាយមុនពេលពួកគេត្រឡប់មកវិញក៏ដោយ។

លោកបន្ថែមថា៖ «ចាប់ពីថ្ងៃនេះតទៅ ហ៊ុន សែន មិនត្រឹមតែមិននិយាយជាមួយអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមិនមានការចរចាជាមួយអ្នកដែរ»

កាលពីម្សិលមិញលោក អ៊ូ ច័ន្ទរ័ត្ន ក៏បានច្រានចោលការចោទប្រកាន់ដែលថាគណបក្សរបស់លោកបង្កើតឡើងដោយ ឬទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។

លោកនិយាយថា៖ «វាអាស្រ័យលើជំហររបស់យើង។ ពេលវេលានឹងប្រាប់សាធារណជនថាតើ (យើងគឺជាគណបក្សរណបរបស់គណបក្សប្រជាជនកម្ពុជាឬអត់) ។ ប្រសិនបើយើងបដិសេធ [ពីការបង្កើតគណបក្ស] ដោយសារតែការចោទប្រកាន់បែបនោះប្រជាជននឹងជឿថាការចោទប្រកាន់ទាំងនោះជាការពិត។ ដូច្នេះខ្ញុំមិនខ្វល់អំពីការចោទប្រកាន់ទាំងនោះទេ»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថាលោកបានដឹងអំពីគំនិតផ្តួចផ្តើមបង្កើតគណបក្សនយោបាយថ្មីដោយក្រុមអតីតមន្រ្តីគណបក្សប្រឆាំង។ គណបក្សរបស់លោកតែងតែស្វាគមន៍គណបក្សថ្មីៗដោយនិយាយថាប្រទេសកម្ពុជាកំពុងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

លោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមិនដែលរឹតត្បិតសិទ្ធិរបស់ពលរដ្ឋក្នុងការបង្កើតគណបក្សនយោបាយឡើយ។

លោកបន្តថា៖ «យើងគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្ខពួកគេ ឬរារាំងឆន្ទៈរបស់ពួកគេពីការបង្កើតគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាឡើយ»

លោកនិយាយថាគណបក្សប្រជាជនស្វាគមន៍ចំពោះគណបក្សនយោបាយទាំងអស់រួមទាំងគណបក្សប្រឆាំងដែលទើបបង្កើតថ្មីផងដែរ ប៉ុន្តែបានច្រានចោលពាក្យចចាមអារាមដែលថាគណបក្សថ្មី ឬគណបក្សតូចៗត្រូវបានគាំទ្រដោយគណបក្សកាន់អំណាច។

លោកបន្តថា៖ «យើងគ្មានលុយជួលគណបក្សនយោបាយណាមួយដើម្បីបម្រើផលប្រយោជន៍គណបក្សរបស់យើងទេ ប៉ុន្តែយើងលើកទឹកចិត្តពួកគេឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងស្ថាប័ននីតិប្បញ្ញត្តិ»

បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈរដ្ឋសភាទាំង ១២៥ បន្ទាប់ពីការបោះឆ្នោតបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៨ ដោយអវត្តមានគណបក្សប្រឆាំងធំៗចំពេលមានការរិះគន់ពីលោកខាងលិច។

បច្ចុប្បន្ននេះ សមាជិកជាង ១០ នាក់ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ត្រូវបានដកបម្រាមរបស់ពួកគេលើសកម្មភាពនយោបាយ។ រួមមានអតីតសមាជិកសភាលោក សុន ឆ័យ លោក កង គឹមហាក់ លោក ជីវ កត្តា លោកស្រី ទេព សុទ្ធី លោក គង់ បូរ៉ា និងលោក រៀល ខេមរិន្ទ ក៏ដូចជាលោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក។

ឥឡូវនេះលោក ខេមរិន្ទ ជាប្រធាន​គណបក្ស​អភិរក្ស​ខ្មែរ​និយម ខណៈដែលលោក គឹមហាក់ និងលោក កត្តា បច្ចុប្បន្ន​ជា​អ្នកបង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យបាននិយាយថា៖ «ខ្ញុំមើលឃើញពីគំនិតក្នុងការបង្កើតគណបក្សថ្មីរបស់លោក អូ ច័ន្ទរ័ត្ន។ វាគ្រាន់តែជាការខិតខំប្រឹងប្រែងរបស់គាត់ ឬក៏សហការីរបស់គាត់ដើម្បីមានផ្ទះជ្រកខ្លួនឯង នៅក្នុងការបន្តជីវិតនយោបាយ ដោយសារតែគាត់បានសុំសិទ្ធិធ្វើនយោបាយ»

លោកបន្តថា៖ «និយាយជាភាសាមញ្ញ គឺគាត់បានដើរចេញពីគន្លងនៃមេបក្សធំៗទាំងពីរបស់គាត់ [សម រង្ស៊ី និងគឹម សុខា] ដូច្នេះដើម្បីបន្តជីវិតនយោបាយបន្តទៀត ទាល់តែគាត់មានជម្រើសទៅចូលរួមជាមួយគណបក្សដែលទើបបង្កើតថ្មី ឬក៏គាត់បង្កើតគណបក្សខ្លួនឯង»

លោកបន្ថែមថា៖ «សម្រាប់បរិបទនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះ ខ្ញុំមិនមើលឃើញគណបក្សតូចៗណាមួយដែលអាចក្លាយទៅជា គណបក្សប្រឆាំង ដែលជាដៃគូសាកសម ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជន សម្រាប់ការបោះឆ្នោតនៅពេលខាងមុខទេ ដោយសារតែគណបក្សតូចៗដែលបានបង្កើតហើយ ក៏ដូចជានឹងត្រូវបង្កើតថ្មី កន្លងមកគឺមិនឃើញសមត្ថភាព ឬក៏លទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើជាគណបក្សជំទាស់គួរឲ្យយកជាការបានក្នុងការប្រកួតស្មើរមុខ ស្មើរមាត់ជាមួយនឹងគណបក្សប្រជាជនទេ»

លោកបានលើកឧទាហរណ៍ថា៖ «ជាពិសេស លទ្ធផលនៃការបោះឆ្នោត កាលពីឆ្នាំ២០១៨ កន្លងទៅ បានឆ្លុះបញ្ចាំងឲ្យឃើញលទ្ធផលហើយ បើទោះបីជាមានគណបក្សតូចៗជាច្រើនបានចូលរួមការបោះឆ្នោត រួមទាំងគណបក្សដែលដឹកនាំដោយអតីតសកម្មជន ឬក៏អ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិ ក៏មិនទទួលបានការគាំទ្ររហូតទទួលបានអសនៈនៅក្នុងការបោះឆ្នោតដែរ»

លោកនិយាយថា៖ «សម្រាប់កម្ពុជា ខ្ញុំមើលឃើញទីលាននយោបាយនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មក វាមានតែប៉ូល២ធំៗទេ គឺប៉ូលគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ហើយគណបក្សដ៏ទៃទៀតដូចជាមិនទាន់បានទាក់ទាញ ឬក៏ផ្តល់ជំនឿចិត្តដល់ប្រជាពលរដ្ឋ ឬអ្នកបោះឆ្នោតនៅឡើយទេ»Khmer Times

អត្ថបទទាក់ទង