អាជ្ញាធរខេត្តបន្ទាយមានជ័យពង្រឹងការត្រួតពិនិត្យសុខភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យមើលកងកម្លាំងចម្រុះប្រចាំ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា ប្រទេសថៃនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។
ជាមួយគ្នានោះ លោកក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន ត្រូវសហករឲ្យបានល្អជាមួយមន្ត្រីសុខាភិបាល ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍៕