កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ជាករណីនាំចូលមកពីសហរដ្ឋអាមេរិក និងមិនមានអ្នកជាសះស្បើយនោះទេ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី ២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ ករណី បន្ថែមទៀតដែលជាករណីនាំចូលមកពីសហរដ្ឋអាមេរិក ខណៈពេលដែលមិនមានអ្នកជាសះស្បើយថ្មីនោះទេ។
អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩នោះគឺស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់តាមប្រទេសចិន (តៃវ៉ាន់) និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។ បច្ចុប្បន្ននេះ អ្នកជំងឺខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។
ចំណែកឯអ្នកដែលបានរួមដំណើរជាមួយស្ត្រីខាងលើនេះចំនួន ៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៧៩នាក់ ក្នុងនោះអ្នកជំងឺ៣៦២នាក់បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖