ខ្មែរប៉ុស្ដិ៍ Close

មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្កើនការចងក្រងបណ្ដុំសហគមន៍ដាំបន្លែសុវត្ថិភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 75
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្កើនការចងក្រងបណ្ដុំសហគមន៍ដាំបន្លែសុវត្ថិភាព មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្កើនការចងក្រងបណ្ដុំសហគមន៍ដាំបន្លែសុវត្ថិភាព

លោក ប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កសិករដាំបន្លែសុវត្ថិភាព បានបន្តចងក្រងបណ្ដុំសហគមន៍ ដើម្បីលើកកម្ពស់ការដាំដុះដែលធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងតម្លៃ។

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា លោកប៉ាង សុវណ្ណាសេដ្ឋបានបញ្ជាក់ថា ខាងមន្ទីរបានណែនាំឱ្យកសិករចងក្រងជាបណ្តុំដើម្បីបង្កលក្ខណៈងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានងាកមកដាំបន្លែសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារ និងអ្នកបរិភោគ។

លោកមានប្រសាសន៍ថា មន្ទីរកសិកម្មបានចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជាកសិករពីបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជួយឱ្យកសិករយល់ដឹងពីការដាំដុះបន្លែសុវត្ថិភាពទៅតាមបច្ចេកទេស ងាយលូតលាស់បានល្អ និងទទួលបានទន្និផលខ្ពស់ ។

«យើងមានការដាំដុះច្រើនហើយ! យើងមានកម្មវិធីអាសស្ពាញចងក្រងជាបណ្ដុំឱ្យកសិករដាំដុះបន្លែសុវត្ថិភាពហើយបណ្ដុំមានពី៣០ទៅ៤០នាក់ទៅតាមចំនួនប្រជាជនតិចឬច្រើននៅតាមភូមិ។ គាត់មានការដាំដុះច្រើន ហើយយើងក៏មានការបណ្ដុះ បណ្ដាលខាងកងទ័ព ហើយនៅផ្សារបន្ទាយមានជ័យ ក៏មានការលក់បន្លែសុវត្ថិភាពលក់នៅចុងសប្ដាហ៍ពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ»។

លោក អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រនូវផលិតផលកសិកម្មខ្មែរ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តខិតខំប្រឹងប្រែងដាំបន្លែសុវត្ថិភាពឱ្យបានច្រើនជាបន្តទៀត ដើម្បីលើកស្ទួយជីវភាពគ្រួសារ ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តបន្ទាយមានជ័យផងដែរ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានបណ្តុំអ្នកដាំដុះបន្លែសុវត្ថិភាពរហូតដល់ជាង១០បណ្ដុំ ដោយក្នុងមួយបណ្តុំ មានសមាជិកប្រមាណ៣០ ទៅ៤០នាក់៕

អត្ថបទទាក់ទង