ខ្មែរប៉ុស្ដិ៍ Close

ការប្រលងឌីប្លូមថ្ងៃទី២ ប្រព្រឹត្តទៅដោយរលូន ស្របពេលដែលវិធានការសុវត្ថិភាពត្រូវបានរឹតបន្តឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 42

នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រ មឋមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស បាននិងកំពុងដំណើរការតាមការគ្រោងទុក ដោយអនុវត្តវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃដំណើរការប្រឡង ក្រសួងអប់រំ បានអះអាងថា ដំណើរការប្រឡងមានភាពរលូនល្អ ដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាព សុខភាពខ្ជាប់ខ្ជួន។

សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕

អត្ថបទទាក់ទង