ក្រសួងសុខាភិបាល ធ្វើតេស្ដលើមនុស្ស ៨៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», អ្នកធ្វើតេស្តសរុបចំនួន ១៦១៩នាក់
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៨៨នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ ដូច្នេះគិតចាប់តាំងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន២៥៦៤តេស្ត ក្នុងនោះមនុស្សសរុបចំនួន១៦១៩នាក់។
នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ចំពោះអ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ។ មួយវិញទៀតនៅថ្ងៃនេះដែរ ភរិយារបស់ឯកអគ្គរដ្ឋទូតហុងគ្រី និងជនជាតិហុងគ្រី៣នាក់ ដែលកំពុងស្នាក់នៅសណ្ឋាគារក៏ទទួលបានលទ្ធផល «អវិជ្ជមាន» ផងដែរ។
នៅថ្ងៃស្អែកក្រសួងសុខាភិបាល នឹងបន្តធ្វើតេស្ត និងតាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹងបន្តត្រៀមធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខ។
ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានចំនួន៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សូមជំរាបថា ការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕