ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២នាក់ថ្មីទៀត​ និង ២នាក់ផ្សេងទៀតបានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 58
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២នាក់ថ្មីទៀត​ និង ២នាក់ផ្សេងទៀតបានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២នាក់ថ្មីទៀត​ និង ២នាក់ផ្សេងទៀតបានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ និង២នាក់ផ្សេងទៀតត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ទាំង៨៨៩នាក់ ត្រូវបានធ្វើតេស្តលើកទីមួយរួចហើយ ប៉ុន្តែរកមិនឃើញវិជ្ជមានកូវីដ-១៩នោះទេ។

អ្នកដែលទើបជាសះស្បើយនោះមានដូចជា៖

  • ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងបានបន្តជើងហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។
  • បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន និងបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ។

ចំណែកឯអ្នកដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ថ្មីនោះគឺ៖

  • បុរសជនជាតិឥណ្ឌា អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់លេខ ៤ ខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត និងបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។
  • បុរសជនជាតិប៉ាគីស្ថាន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងបានបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ១០៧ នាក់ ដែលក្នុងនោះមានបុរសទាំង២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ១០៥នាក់ផ្សេងទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានត្រូវបានដាក់អោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅវិទ្យាល័យបុរី១០០ខ្នងចំនួន ៣០នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ១៧នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ១នាក់ និងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៥៩នាក់។

ដោយឡែក ការធ្វើតេស្តលើកទីមួយលើអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងគណប្រតិភូ សរុបទាំង ៨៨៩នាក់ សុទ្ធតែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ ក្រសួងបានអំពាវនាវអោយអ្នកទាំងអស់នោះវិលមកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់រកកូវីដ-១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖

  • លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
  • លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
  • លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៤នាក់ (ស្រី ៦០នាក់ និងបុរស ២៣៤នាក់) ក្នុងនោះ ចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នៅរក្សាចំនួន០៦នាក់ដដែល៕

អត្ថបទទាក់ទង