ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 9
ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សាហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះបានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ពី ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន៖
* គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថារដ្ឋមន្ត្រីការបទេសហុងគ្រី មានឆ្លងកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅប្រទេសកម្ពុជា៕