ខ្មែរប៉ុស្ដិ៍ Close

លោក ឆាយ ថន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋគូបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
លោក ឆាយ ថន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋគូបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោក ឆាយ ថន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋគូបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគូបា (Republic of Cuba) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង។

មានប្រសាសន៍សំណេះសំណាល លោក ឆាយ ថន បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លែថ្លារបស់លោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគូបា (Republic of Cuba) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រីនឹងរឹតតែធ្វើឱ្យចំណងមិត្តភាពទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដែលមានចាប់តាំងពីកំឡុងទស្សវត្សរ៍ទី៦០ មកកាន់តែមានភាពរឹងមាំខ្លាំងក្លាថែមទៀត។ លោក បានលើកឡើងពីប្រវត្តិដែលកាលពី២០ឆ្នាំមុន លោក បានចូលរួមអមដំណើរលោកនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាវ៉ាណា នៃសាធារណរដ្ឋគូបា។

ថ្លែងក្នុងជំនួបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ នៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងជាពិសេសពាក់ព័ន្ធធនធានមនុស្សរបស់កម្ពុជា ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនេះផងដែរ លោកជំទាវ ស្នើសុំអោយមានកិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច បន្ថែមទៀត និយាយជារួម និងនិយាយដោយឡែក លោកស្រី ចង់ឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងផែនការ នៃសាធារណរដ្ឋគូបា ដើម្បីឱ្យប្រទេសរបស់លោកជំទាវ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចកម្ពុជា ។ លោកជំទាវ បានសំណូមពរដល់ក្រសួងផែនការ សូមជួយចែករំលែកព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការងារស្ថិតិ ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍ រួមទាំងបទពិសោធន៍ការងារពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញណកម្មគ្រួសារក្រីក្រនៅកម្ពុជា។

ជាទីបញ្ចប់ សមភាគីទាំងពីរ បានប្តេជ្ញាបន្ត និងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៃប្រទេសទាំងពីរ ឱ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។

សូមជម្រាបផងដែរថា លោកស្រីឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំងចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ៕

អត្ថបទទាក់ទង