ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២នាក់ លើបុរសជនជាតិខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសជប៉ុន
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមទៀតដែលជាករណីនាំចូល។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ គឺ៖
- បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ចំនួន១នាក់ ដែលមានអាសយដ្ឋានស្នាក់នៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាអែម ខេត្តកណ្ដាល
- បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ ចំនួន១នាក់ ដែលមានអាសយដ្ឋានស្នាក់នៅ ស្រុកបាកាន ខេត្តពោធិ៍សាត់
បុរសទាំង២នាក់ខាងលើនេះជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៣៩នាក់ (ស្រី ៧នាក់) ដែលក្នុងចំនួននេះ មានបុរសទាំង២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៣៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុង ១១នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៥នាក់ និងនៅសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ២១នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩០នាក់ (ស្ត្រី ៥៩នាក់ និងបុរស២៣១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ៧នាក់៕