ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក្រោមសក្ខីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មសង្កត់ធ្ងន់ថា ការចុះហត្ថលេខាថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដោយកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់ខ្លួនជាលើកដំបូងបង្អស់ ហើយកិច្ចព្រមព្រៀងទ្វេភាគីនេះទៀតសោត ត្រូវបានធ្វើឡើងជាមួយមិត្តចិត្ត ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាពិសេសជាមិត្ត ដែលមានទំនាក់ទំនងប្រពៃណីដ៏យូរលង់មកហើយ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖

* ការទទួលបានការបើកទីផ្សារឲ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញផលិតផលត្រី សាច់គ្រប់ប្រភេទ កសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជា អាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងភូតគាមអនាម័យ។

* ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្ម សេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងគុណវឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជា អាចពង្រឹងខ្លួនឯងឲ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។ លើសពីនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើជំនាញពីអ្នកផ្គត់ផ្គង់សេវា និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេស ដែលជាកត្តាសំខាន់ដើម្បីពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

* ការកំណត់ឲ្យកាន់តែច្បាស់ នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

* ការរៀបចំ និងបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគពីបរទេសជាដើម។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ ដែលភាគីទាំង២បានផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមទាំងទទួលបានការអនុម័តពីសភាជាតិនៃប្រទេសទាំង២ និងការឡាយព្រះហស្ថលេខាផ្តល់សច្ចាប័នពីព្រះមហាក្សត្រ ឬអាចចូលជាធរមាននៅកាលបរិច្ឆេទផ្សេងពីនេះ តាមការឯកភាពរវាងភាគីទាំងពីរ៕

អត្ថបទទាក់ទង